ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងដាក់ចេញទិសដៅខែសីហា ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ទីកន្លែងសាលប្រជុំសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នការរង និងនាយទាហាននៃកងរាជអាវុធហត្ថតាមបណ្តាអង្គភាព បញ្ជាការដ្ឋានទូទាំងប្រទេសជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។
កងរាជអាវុធហត្ថបានចូលរួមចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សហការពង្រឹងការអនុវត្តច្បាប់ ស្រាវជ្រាវនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេង និងចូលរួមការងារសង្គមជួយសាងសង់ រុះរើផ្ទះប្រជាពលរដ្ឋ ចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាក ។ល។ លើសពីនេះទៀត ដោយមានការដឹកនាំគ្រប់គ្រងផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកចិត្តសាងសង់ហេដ្ឋារចនាសម្ពន្ធគ្រប់បញ្ជាការដ្ឋានរាជធានី ខេត្ត មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងរហូតដល់ស្នាក់ការ។ បានធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល អប់រំរៀនសូត្រជាប្រចាំទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ជាពិសេសបានបញ្ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចូលរួមសិក្ខាសាលាក្នុងនិងក្រៅប្រទេស។ រីឯ ការងារធានាវិញបានបំពាក់សម្ភារៈ ឧបករណ៍ និងបើកចែកស្បៀង ប្រាក់បៀវត្សទាន់ពេលវេលា។
លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស តែងតែរំលឹកដល់ប្រធានស្ថាប័ន មេបញ្ជាការអង្គការទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការហូបចុកឆ្អែត អនាម័យ កន្លែងស្នាក់នៅ កន្លែងធ្វើការ ការស្លៀកពាក់ឯកសណ្ឋាន និងរួមគ្នាដោះស្រាយចំពោះអាវុធហត្ថដែលជួបការលំបាក ជាពិសេសការបរិច្ចាគថវិកាជាមួយគ្នាក្នុងមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារអាវុធហត្ថពលី មរណៈ ៕ សុខ ខេមរា