ខេត្តមណ្ឌលគិរី៖ បុរសកម្សត់ម្នាក់គ្មានប្រពន្ឋកូន ប្រើពេលជាង១០ម៉ោងស្ពាយទំពាំងឬផ្លែចេក ទៅលក់នៅទីប្រជុំជនក្រុងសែនមនោរម្យ ប្តូរជាមួយប្រាក់ត្រឹម៥ ០០០រៀល ទៅ៨ ០០០រៀលប៉ុណ្ណោះ។
ជួបជាមួយអ្នកយកព័ត៌មាន លោកពូ ហ្ម ប៉ូច អាយុ៤៤ឆ្នាំ ជនជាតិដើមភាគតិចព្នងបានឲ្យដឹងថា សព្វថ្ងៃលោកពូរស់នៅភូមិទួលមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយសុំផ្ទះរបស់គេស្នាក់អាស្រ័យ។
លោកពូកម្សត់ថា រាល់ពីរថ្ងៃម្តងលោកពូ បានដើរស្ពាយបន្លែឬផ្លែឈើមួយសះ(ខ្លះហៅ កាផា )ដើរពីភូមិមេម៉ង់ ទៅក្រុងសែនមនោរម្យលើចម្ងាយផ្លូវជាង៤០គីឡូម៉ែត្រ ដូច្នេះទាំងទៅទាំងមកស្មើរ៩០ គីឡូម៉ែត្រ។
បុរសកម្សត់បានបន្តថា គាត់ត្រូវងើបតាំងពីម៉ោងបីទៀបភ្លឺ ដើររហូតដល់ម៉ោងប្រមាណ៨ព្រឹក ទើបទៅដល់ក្រុងសែនមនោរម្យ ដើម្បីលក់បន្លែបន្តិចបន្តួច ដោយថ្ងៃខ្លះលក់ដាច់អស់បានប្រាក់៧ឬ៨ពាន់រៀល ហើយថ្ងៃណាលក់មិនដាច់បានត្រឹម២ទៅ៣ពាន់រៀលប៉ុណ្ណោះ។ ទោះលក់ដាច់ឬមិនដាច់ នៅពេលថ្ងៃរសៀល គាត់ត្រូវដើរត្រឡប់ទៅភូមិវិញ ដើររហូតម៉ោងយប់៧ឬ៨យប់ទើបដល់ផ្ទះ។
លោកពូ ប៉ូច បានបញ្ជាក់ថា សព្វថ្ងៃនេះគាត់គ្មានគ្រួសារឬបងប្អូនសូម្បីម្នាក់ ព្រោះឪពុកម្តាយបានស្លាប់ចោលគាត់ជាយូរមកហើយ និងគ្មានសាច់ញាតិនោះទេ។
គាត់បានប្រកបរបរលក់បន្លែនេះជាង២០ឆ្នាំមកហើយ ដែលកាលពីនៅក្មេងគាត់អាចស៊ីឈ្មួលជម្រះស្មៅឲ្យគេខ្លះ ដើរលក់បន្លែខ្លះ តែបច្ចុប្បន្នសុខភាពរបស់គាត់បានចុះថយ ព្រោះវ័យកាន់តែចាស់ នឹងមានជំងឺឫសដូងបាត១០ឆ្នាំថែមទៀត។
បន្លែដែលលោកពូ យកទៅលក់ទាំងនោះ សុទ្ឋតែបានដាំខ្លួនឯងលើដី របស់អ្នកភូមិព្រោះតែគេអាណិតគាត់ ទើបអនុញ្ញាតឲ្យដាំគ្រាន់ប្រមូលផលទុកលក់ដូរចិញ្ចឹមជីវិត៕ សាយប៉ូច