ព័ត៌មានទាន់ហេតុការណ៍៖

បិទទ្វារទឹកជាងដប់ថ្ងៃផ្ទៃ ទឹកបាតអាងមានកម្ពស់៦៨ម៉ែត្រ បើគិតពីរបាទអាងដល់ខ្នងទំនប់មានកម្ពស់៧៨ម៉ែត្រ អាជ្ញាធរខេត្តត្រៀមរៀបចំ ជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងការជម្លៀសចេញពីតំបន់អាងទំនប់ពេលបិទទ្វារទំនប់ទាំង១០

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីទ្វារទឹកទំនប់វារីអគ្គីសនីសេសានក្រោមពីបានបិទជាង១០ថ្ងៃ ផ្ទៃទឹកបាតអាងបានឡើងកម្ពស់៦៨,២១ម៉ែត្រនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខេត្តនិងក្រុមការងារពាក់ពន្ធ័ ដោះស្រាយផលប៉ះពាល់បាននាំគ្នាត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលនៅប្រកាន់ជំហរមិនទទួលយកសំណងចាក់ចេញ ពីភូមិស្រែគរចាស់ដើម្បីបញ្ចៀសពីប្រការគ្រោះថ្នាក់នៃទឹកអាងទំនប់សេសានក្រោមពី។

លោកឆាយ ម៉េងមន្ត្រីបច្ចេកទសទំនប់វារីរអគ្គីសនីសេសានក្រោមពីបានឱ្យដឹងថា៖ ក្រុមហ៊ុនបានបិទទ្វារទឹកទំនប់ចំនួន៨ហើយ ក្នុងចំណោមទ្វារទឹកចំនួន១០ ដើម្បីយកទឹកបំពេញអាង សំរាប់បំរើឲ្យវារីអគ្គិសនីនិងត្រួតពិនិត្យទៅលើគុណភាពទំនប់ផងក្នុងពេលសាងសង់រួច។

លោកបានបន្តថា៖ ក្រោយពីបិទទ្វារទឹកទំនប់នៅថ្ងៃទី១៥ កក្កដា មកដល់ថ្ងៃ២៦ កក្កដានេះ ទឹកក្នុងផ្ទៃបាតអាងបានឡើងដល់ខ្ពស់៦៨,២១ម៉ែត្រ ខ្សែទឹកខាងលើ វ៉ឺនសៃកម្ពស់១០៨,៣៧ លំផាត់កម្ពស់១០២,៣៨ម៉ែត្រ ស្ពានបណ្តែតទឹកកម្ពស់៥២,៥៦ ស្រែគរកម្ពស់៦៩,២៣ម៉ែត្រ ស្ថិតនៅក្នុងស្ថានភាពមូយដែលតម្រូវឲ្យប្រជាពលរដ្ឋដែលមិនព្រមចាកចេញនោះ ត្រូវត្រៀមលក្ខណៈ គ្រប់បែបយ៉ាងក្នុងការបញ្ចៀសពីភាពលិចលង់ទាំងនេះ។

លោកញ៉ែម សារីអភិបាលរងខេត្តបានបញ្ជាក់ថាៈ ទោះបីបងប្អូនប្រជាពលរដ្ឋបានត្រៀមលក្ខណៈ និងអ្នកពាក់ពន្ធ័ រៀបចំនូវមធ្យោបាយសម្រាប់ជួយដល់ការងារសង្គ្រោះនេះក៏ដោយ តែអាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋទៅរស់នៅ ដោយគ្មានសុវត្ថិភាពខុសពី ភូមិរដ្ឋបាលដែលបានរៀបចំបម្រុងទុកនោះទេ។

លោកអភិបាលរងខេត្ត សូមអំពាវនាវឲ្យបងប្អូនប្រជាពលទាំងអស់ ល្មមដល់ពេលសម្រេចចិត្តចូល រួមជាមួយអាជ្ញាធរដូចបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ដើម្បីក្រុមការងារដោះស្រាយផលប៉ះពាល់ចុះវាស់វែងផ្ទះ សម្បែង រាប់ចំនួនផលដំណាំ ចេញសំណងឲ្យបានគ្រប់គ្រាន់ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងនាំគ្នាទៅរស់នៅភូមិថ្មី ដើម្បីជីវភាពថ្កុំថ្កើនទាំងអស់គ្នា ។

លោក សៀក មេគង្គ មេឃុំស្រែគរបានអះអាងថា៖ បញ្ហានេះអាជ្ញាធរឃុំ បានពន្យល់ណែនាំប្រជាពលរដ្ឋគ្រប់ច្រកល្ហកហើយ ជាពិសេសគឺចង់ទាមទារឲ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរ ទទួលយកសំណងពី រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ដើម្បីបានរស់នៅកន្លែងថ្មីដូចប្រជាពលរដ្ឋដទៃទៀត ដែលមានហេដ្ឋរចនាសម្ព័ន្ធប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពរស់នៅ ។

លោកបញ្ជាក់ថាៈ អាជ្ញាធរឃុំ ស្រុកក៏ដូចជាក្រុមហ៊ុនកំពុងតែសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋប្រមាណជិត១០០ខ្នងផ្ទះ ដែលមិនព្រមចាកចេញ ពីព្រោះទឹកទំបន់នឹងឡើងលិចជារៀងរហូតមិន អាចស្រកចុះដូចទឹកឡើងនៅរដូវវស្សាបែបធម្មជាតិនោះទេ ហើយប្រជាពលរដ្ឋក៏ត្រូវរងការជម្លៀសចេញទៅ រកទីទួលសុវត្ថិភាពផងដែរ។

លោកស្រី ភុំ ណេង នៅភូមិស្រែគរចាស់ជាប្រជាពលរដ្ឋមិនព្រមទទួលសំណងចាកចេញបានលើកឡើងថា៖ រឿងនេះពួកគាត់បានត្រៀមលក្ខណៈប្រុងប្រយត្ម័រួចជាស្រេចហើយ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹកទំបន់នេះ ។

លោកស្រីបញ្ជាក់ថាៈ លក្ខណៈសម្បត្តិនោះប្រជាពលរដ្ឋមានទូក មានក្បូន និងបានកាប់ឆ្ការរៀបចំបោះជម្រកបង្កើតជាទីទួលសុវត្ថិភាពនៅខាងក្រោយសាលារៀនអនុវិទ្យាល័យ ឃុំស្រែគរ ប្រមាណជាង១គីឡូម៉ែត្រ ដើម្បីទៅនៅទីនោះ ។

សូមបញ្ជាក់ថាៈ ប្រជាពលរដ្ឋដែលប្រកាន់ជំហ៊រតឹងរ៉ឹងមិនព្រមចុះចូលជាមួយអាជ្ញាធរ នៅឃុំ ស្រែគរមានចំនួន៨៧ខ្នងផ្ទះ ឃុំក្បាលរមាស៣០ខ្នងផ្ទះ គិតមកដល់ថ្ងៃទី២៦ ខែកក្កដានេះ មានប្រជាពលរដ្ឋចំនួន៦ខ្នងផ្ទះបានព្រមព្រៀងទទួលយកសំណងចាក់ចេញ ក្រៅពីនោះទៀត កំពុងត្រៀមលក្ខណៈជម្លៀសខ្លួន ទៅរកទីទួលសុវត្ថិភាព ក្នុងពេលដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបង្ការចំពោះ ស្ថានភាព កំពស់ទឹក ដែលនឹងត្រូវឡើងលិចទីតាំងមូលដ្ឋានចាស់ ភូមិក្បាលរមាស ឃុំក្បាលរមាស និងឃុំស្រែគរ ជាតំបន់ក្នុងអាងទំបន់នេះ ៕មាស សុផាត

 

 

 

 


ចែករំលែក៖