ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាស្ដា បើកបុករះដើមឈើ៤ដើម ប៉ាណូ សំយ៉ាប់ផ្ទះពលរដ្ឋនិងបង្គោលភ្លើង១ដើមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តម៉ាស្ដា ក្នុងល្បឿនលឿនជ្រុលទៅបុករះដើមឈើ ប៉ាណូ សយ៉ាប់ផ្ទះនិងបង្គោលភ្លើងនៅលើចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅខាងក្រោយវត្តអង្គតាមិញ តាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តបង្កស៊េរីទំនើបម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-7332 បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រាឡើងជោកជាំ ធ្វើដំណើតាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចផ្លូវកោងដែលជាកន្លែងកើតហេតុ ក៏ស្រាប់តែជ្រុលចង្កូតទៅបុករះ ដើមឈើអស់៤ដើម ប៉ាណូក្រុមហ៊ុនស្រាបៀរ ក្រែនស្បើត ចំនួន១ សំយ៉ាប់ផ្ទះប្រជាពលរដ្ឋចំនួន១ផ្ទាំង និងបុកបង្គោលភ្លើងរដ្ឋបាក់អស់១ដើមផងដែរ ហើយរថយន្តបង្កបានដាច់កាឡែកង់ក្រោយផ្នែកខាងស្ដាំទើបទៅមុខលេងរួច ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ គឺមិនមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងសម្បត្តិរដ្ឋតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែមិនបានឃាត់អ្នកបើកបរនោះទេ ដោយបានត្រឹមតែទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងស្ទួចរថយន្តបង្កខាងលើ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖