ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនបុករថយន្តធុនធំចតនៅលើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨១ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះឈ្មោះ ធី ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខ្មៅលាយស គ្មានស្លាកលេខ ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំប្រភេទដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-3988 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើករថយន្តខាងលើនេះមកចតនៅលើចិញ្ចើមផ្លូវលេខ៣៨១ ដោយមិនបានបើកភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញានោះទេ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានបើកម៉ូតូទៅបុករថយន្តនេះពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះផុងលលាដ៏ក្បាលស្លាប់បាត់បង់ជីវិតតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕ ស្អាងជ័យ