ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់មកពីទិញថ្នាំញៀនមិនទាន់បានប្រើប្រាស់ផងត្រូវសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វាល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ២នាក់ មកពីទិញគ្រឿងញៀនយកទៅជក់ ខណៈមិនទាន់ទាំងបានទៅដល់គោលដៅប្រើប្រាស់ មកត្រួតពិនិត្យរកឃើញថ្នាំញៀន២កញ្ចប់ និងដកហូតទាំងម៉ូតូ១គ្រឿង ការឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។

លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀនខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ធួក សុភ័ក្រ្ត អាយុ២៣ឆ្នាំ ទី២.ឈ្មោះ ជា សុខដែន អាយុ២១ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈទើបតែមកពីទិញគ្រឿងញៀន ដើម្បីយកទៅជក់ ដោយមិនទាន់ទាំងដល់គោលដៅ ដែលត្រូវប្រើប្រាស់ផង ស្រាប់តែត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ឃាត់ខ្លួនភ្លាមៗ ដើម្បីឆែកឆេរសួរនាំបានរកឃើញថ្នាំញៀនចំនួន២កញ្ចប់ និងឈានទៅដល់ការដកហូតទាំងម៉ូតូ១គ្រឿងម៉ាក Smash Rivo ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១F-១៥២៦តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖