ភ្នំពេញ៖ នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅត្រង់ចំណុចមុខបុរីកាំម៉េង លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងរថយន្តបែនដឹកដី បុកជាមួយរថយន្តសង្គ្រោះបន្ទាន់បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាល៦នាក់ ហើយភ្លាមៗ ជនរងគ្រោះទាំងអស់នោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ជារបស់មណ្ឌលសុខភាពសៀមរាប ស្រុកកណ្តាលស្ទឹង ម៉ាក HIYUNDIA ពណ៌ស (គ្មានស្លាកលេខ) ដោយអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ មានឈ្មោះ បាន វណ្ណ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្តសង្គ្រោះបន្ទាន់ ស្នាក់នៅភូមិប៊ុនណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (របួសធ្ងន់), អ្នករួមដំណើរជាមួយ ទី២ឈ្មោះ ប្រាក់ ហឿន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (របួសធ្ងន់), ទី៣ឈ្មោះសុង ស្រីម៉ៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (របួសស្រាល), ទី៤ឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសស្រាល), ទី៥ឈ្មោះ ធឹម ចន្ធី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរពេទ្យ ស្នាក់ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល (របួសស្រាល) និង ទី៦ ជាគ្រូពេទ្យ ភេទស្រី (របួសធ្ងន់)រួមទាំងអ្នករួមដំណើ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយបច្ចុប្បន្នអ្នករងគ្រោះទាំងអស់បញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យរុស្ស៊ី ។
ចំណែករថយន្តបែនដឹកដីម៉ាក DIAWOO ពណ៍ស ទ្រុងពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3C-0030 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ គឺបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តសង្គ្រោះបន្ទាន់ធ្វើដំណើរពីលិចទៅកើត ចំណែករថយន្តបែនដឹកដីធ្វើដំណើរពីកើតទៅលិចលុះមកចំណុចកើតហេតុ រថយន្តសង្គ្រោះបន្ទាន់បានចូលក្នុងចំណែកផ្លូវរបស់រថយន្តបែនដឹកដី បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹងតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងរួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយបន្តតាមច្បាប់៕ ភារ៉ា ដង្កោ