ភ្នំពេញ÷ មនុស្សចំនួ៩នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនសង្ស័យករណីប្រើប្រាស់គ្រឿងញៀន ក្នុងយប់ថ្ងៃតែមួយ ទីតាំងផ្សេងៗគ្នា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។
ការឃាត់ខ្លួនមនុស្ស៩នាក់ខាងលើនេះ ធ្វើឡើង កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧ ដែលក្រុមជនទាំងនោះ ពាក់ព័ន្ឋការប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់។
ប៉ូលិសនិយាយថា ក្រុមជនដែលត្រូវបានបង្ក្រាបឃាត់ខ្លួនខាងលើ លើកទី១ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ម៉ោង១១យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ឃាត់ខ្លួនបាន២នាក់
១/ ឈ្មោះ គឹមចាន់ ចេតនា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។
២/ ឈ្មោះជា ឃាង ហៅម៉ាប់អាយុ៣០ឆ្នាំ គ្មានមុខរបរ នៅផ្ទះជួលជាមួយគ្នា។
លើកទី២ នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនបាន២នាក់ មានឈ្មោះខាន់ សុខា អាយុ១៨ឆ្នាំ និងឈ្មោះចាន់ អាយុ១៦ឆ្នាំ ស្នាក់នៅសហគន៍សែនសុខ សង្កាត់ឃ្មួញ ប៉ូលិសដកហូតបានថ្នាំញៀន១កញ្ចប់ និងឧបករណ៍កែច្នៃ សំរាប់សេព។
លើកទី៣ នៅម៉ោង២និង៣០រំលងអធ្រាត្រ ឈានចូលទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ២០១១ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនបាន៣នាក់ឈ្មោះ
១/ សុវណ្ណ ម៉ានី អាយុ១៩ឆ្នាំមានទីលំនៅសង្កត់គោការ ខណ្ឌព្រែកព្នៅ។
២/ ឈ្មោះសោម ណាន អាយុ១៩ឆ្នាំ ទីលំនៅសង្កាត់គោការ ខណ្ឌព្រែកព្នៅ។
៣/ ឈ្មោះ អាន ពៅ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិ សង្កាត់ជាមួយគ្នា។
លើកទី៤ នៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ឃាត់ខ្លួនបាន២នាក់ មានឈ្មោះ ទុយ ស៊ីណេតអាយុ២១ឆ្នាំ នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា និងឈ្មោះស្រី លាងវី មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ក្រុមជនទាំង៩នាក់ត្រូវបានប៉ូលិស ត្រួតពិនិត្យទឹកនោមពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនទាំងអស់គ្នា ហើយកំពុងឃុំខ្លួនសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សួរនាំកសាងឯកសារមុនពេលបញ្ជូនទៅតុលាការ៕ តុង សីហា