ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ តែមិនបានសម្រេច។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើកកាលពីវេលាម៉ោង០២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២៤០កែងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចាន់ បូរី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំពោធិ៍ចិនតុង មុខរបរជាអ្នកបើកឡានដឹកឥវ៉ាន់។ ចំណែកជនរងគ្រោះឈ្មោះ គង់ សុធារី អាយុ២៥ឆ្នាំ ស្នាក់នៅម្ដុំបុរីកីឡា។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងទើបតែមកពីញាំអីនៅម្ដុំវិមានឯករាជ្យ ពេលដែលជិះមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿង មានគ្នា៨នាក់ជិះមកពីក្រោយ ហើយក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-3525 ជិះគ្នាពីរនាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបនាង តែមិនបានសម្រេច ទាក់ដៃចង្កូតម៉ូតូដួលទាំងពីរគ្រឿងតែម្ដង។
ប្រភពបានបន្តថា ភ្លាមៗនោះជនសង្ស័យដែលឆក់នោះ បានរត់ឡើងជិះម៉ូតូផ្សេងទៀតគេចខ្លួនបាត់ ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានព្រូតគ្នាវាយម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីឲ្យសមត្ថកិច្ចចាត់តាមផ្លូវច្បាប់ ចំណែកជនសង្ស័យសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញដើម្បិកសាងសំណុំរឿងបញ្ជូនទៅតុលាកាបន្ត៕ សុខាសែនជ័យ