ភ្នំពេញ៖ រថយន្ត RANGE ROVER ធ្វើដំណើពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន ហើយទំនងអ្នកបើកបរស្រវឹងផងដែរនោះក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្លោងទ្វារវត្តសន្សំកុសល បណ្តាលឲ្យផ្ទុះកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ទើបអ្នកបើកសម្រេចចុះពីលើរថយន្តឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តRANGE ROVER នោះធ្វើដំណើរពីជើងមកយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង ហើយព្យាយាមបើករត់ទាំងកង់បែកតែទៅមុខលែងរួចក៏ឈប់ទៅ រួចឃើញចុះពីលើរថយន្តឡើងជិះម៉ូតូឌុបទៅបាត់។
សមត្ថកិច្ចបានប្រាប់ថា រថយន្តបង្កហេតុម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2S-3378។ បើកបុកទ្រូងផ្លូវបាក់អស់ចំនួន២កង់ ហើយរថយន្តបង្កហេតុនេះ សមត្ថកិច្ចបានស្ទួចយកទៅរក្សាទុកនៅការិយាល័ យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយ។
ដោយឡែកនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ រថយន្ត១គ្រឿងទៀតម៉ាកTOYOTA ពណ៌ស គ្មានស្លាកលេខ ចង្កូតស្តាំ ជិះមនុស្ស២នាក់ក្នុងរថយន្តក៏បានព្រលះនឹងទ្រូងផ្លូវបណ្តាលឲ្យខូចខាតរថយន្ត១កំណាត់មុខ នៅលើកំណាត់ផ្លូវលេខ២៧៣ ក្បែរសាលាអាមេរិកកាំងប្រ៊ីដ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តបង្កហេតុនោះធ្វើដំណើរពីកើតមក លុះមកដល់ចំណុចកើតហេតុក៏បុកនឹងក្បាលនាគពុះចែក ទ្រូងផ្លូវលាន់ដូចរន្ទះ ហើយឃើញបុរស២នាក់ចុះពីលើរថយន្តគេចខ្លួបបាត់ទៅ បន្សល់ទុករថយន្តនៅកន្លែងកើតេហតុ។
សមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុបានប្រាប់ថា រថយន្តបង្កហេតុនេះសមត្ថកិច្ចយើងក៏បានស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕ តាឡឹម