ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ម៉ាឡេស៊ីគ្រោងបោះទុនវិនិ យោគ បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមនៅ កម្ពុជា (CITC) ទឹកប្រាក់២៥០លានដុល្លារ អាមេរិក

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភួអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ដោយប្រទេសកម្ពុជាមានសុខ សន្តិភាព ស្ថេរភាព និង កំណើនសេដ្ឋកិច្ច៧ភាគរយ ដែល ពិភពលោកទទួលស្គាល់នោះ គឺបាននិងកំពុងតែផ្តល់ចំណាប់អារម្មណ៍ជាខ្លាំងដល់វិនិយោគិនបរទេស ដែលចង់មក វិនិ យោគ នៅកម្ពុជា ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាចិន, ជប៊ុន និង បណ្តាប្រទេសអាស៊ាន រួមមានសិង្ហបុរី ម៉ាឡេស៊ី, វៀតណាម និង ប្រទេសនានាទៀត ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោក ទទួលជួបពិភាក្សា ការងារ និងផ្តល់ប្រឹក្សាយោបល់ ជាមួយ ប្រតិភូពាណិជ្ជករម៉ាឡេស៊ីរបស់ក្រុមហ៊ុន SURIYA PADU DEVELOPMENT SDN. BHD ដែលដឹកនាំ ដោយលោក Dato Mohammad Kassim ជាអគ្គនាយកក្រុមហ៊ុន ដែលគ្រោងបោះទុនវិនិ យោគ២៥០លានដុល្លារនៅកម្ពុជា ជំនួននេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី ០២ សីហា ឆ្នាំ២០១៧ នៅស្នាក់ការអង្គការមូល និធិ អភិវឌ្ឍន៏មុស្លីមកម្ពុជា ។

លោក Dato Mohammad Kassim បានបញ្ជាក់ថា ៖ ក្រុមហ៊ុនរបស់លោក ទើបបានសម្រេចគម្រោងពាណិជ្ជកម្មទំហំជាង១០០លានដុល្លារ អាមេរិក នៅប្រទេសព្រុយណេ ខណៈ បច្ចុប្ប្នក៏ពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងគម្រោងមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមកម្ពុជា (CITC) ដែលតាមការគ្រោង នឹងត្រូវចំណាយទឹកប្រាក់ ២៥០លានដុល្លារ អាមេរិក។

លោកបន្តថា៖ ទំហំទឹកប្រាក់ដែលធំបែបនេះ ក្រុមហ៊ុន មានដៃគូរម្ចាស់ភាគហ៊ុនដ៏ធំ គឺមូលនិធិព្រះចៅហ្វៃសាល់ ប្រទេសអារ៉ាប៊ីសាអូឌីត(KFF) កត្តាដែលញ៉ាំងអោយលោកមានគម្រោងវិនិយោគក្នុងទម្រង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មបែបឥស្លាមអោយមានវត្តមាននៅកម្ពុជា ព្រោះមើលឃើញពីសំទុះនៃការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា ហើយសក្តាពុលសេដ្ឋកិច្ចឧស្សាហកម្មនៅកម្ពុជា ជាសមាជិកប្រទេសអាស៊ាន ដែលកំពុងវិវត្តទៅរកការឈោងចាប់ឧស្សាហកម្មហាឡាល ដើម្បីប្រកួតប្រជែងនៅលើទីផ្សាតំបន់ និង អន្តរជាត់ផងដែរ។ តាមការបញ្ជាក់របស់ភាគីម្ចាស់វិនិយោគបានអោយដឹងថា គម្រោងវិនិយោគ គឺផ្តោតសំខាន់ទៅលើ ឧស្សាហកម្មហាឡាល សណ្ឋាគារនិងទេសចរណ៍ សុខាភិបាល អប់រំ និង ផ្សារទំនើបជាដើម។

លោក អូស្មាន ហាស្សាន់ ក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការអបអរសាទរ និង រីករាយចំពោះ គម្រោងដែលភាគីម៉ាឡេស៊ី វិនិយោគនៅកម្ពុជា ហើយលោកក៏ត្រៀមខ្លួនសហការជានិច្ចរាល់តម្រូវការចាំបាច់ដែលអាចធ្វើទៅបាន ដើម្បីលើកកំពស់ឱកាស និង កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ អោយកាន់តែប្រសើរឡើងថែមទៀត។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពលទាំងឡាយដែលជាឱកាសវិនិយោគនៅកម្ពុជា ជូនដល់ភាគីម៉ាឡេស៊ី ដើម្បីសម្រេចយកចំណុចចាប់ផ្តើមណាមួយដែលជាវិស័យអទ្ឋិភាព ហើយចាប់ផ្តើមអនុវត្តជាជំហានដំបូងតែម្តង។ ដើម្បីពន្លឿនកិច្ចសហការលើគម្រោងខាងលើនោះ លោកនឹងចាត់តំណាងដៃគូរវិនិយោគនៅកម្ពុជាចំនួនពីរទៅ ៣រូប ដើម្បីអញ្ជើញទៅសិក្សានិងស្វែងយល់ នៅម៉ាឡេស៊ី ក៏ដូចជាទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេសរបស់ ដៃគូវិនិយោគដែលកំពុងដំណើរការ ក្នុងគោលបំណង ពន្លឿនការងារវិនិយោគ បន្តនៅកម្ពុជា ឲ្យដំណើរការទៅដោយរលូនផងដែរ ៕ សំរិត


ចែករំលែក៖