ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រត់ឆ្លងផ្លូវដែកជំពប់ជើងដួល ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករលាងរថយន្តម្នាក់ បន្ទាប់ពីផឹកស៊ីជួបជុំជាមួយបងប្អូនរួចមកបាន ដើរទៅទិញបាយហូប លុះដើរត្រឡប់មកវិញ ឆ្លងកាត់ផ្លូវរថភ្លើងជំពប់ជើងដួលលើផ្លូវរថភ្លើង ក៏ត្រូវរថភ្លើងកិនអូសជាច្រើនម៉ែត្រស្លាប់យ៉ាងគួរឲ្យរន្ធត់។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិ១៥ ផ្លូវរថភ្លើងទួលគោក ក្រោយសាលាតិចណូ ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ រស់ យីម អាយុ២៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុក្នុងការ៉ាស់លាងរថយន្តនៅម្តុំរង្វង់មូលទួលគោកចាស់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ឃុំញេញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពពីបងស្រីជនរងគ្រោះបានឲ្យដឹងថា តាំងពីម៉ោងប្រហែល៨យប់ មុនកើតហេតុក្រោយពីផឹកស៊ីចប់ជនរងគ្រោះ ក៏បានត្រលប់ទៅការ៉ាស់លាងរថយន្តវិញ តែពេលទៅដល់ការ៉ាស់ដែលបានបិទទ្វារ ពេលនោះជនរងគ្រោះ ក៏បានត្រលប់មកកន្លែងផឹកស៉ីដែលជាផ្ទះរបស់បងស្រី វិញ តែរូបគេហៅបងស្រីខ្លួនឲ្យបើកទ្វារតែបងស្រីមិនបានបើកទ្វារនោះទេ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានដើរមកទិញបាយម្ហូបនៅក្បែរកន្លែងកើតហេតុពេលទិញបាយម្ហូបរួច ក៍ដើរឆ្លងផ្លូវរថភ្លើងតែជនរងគ្រោះភ្លេចយកម្ហូបក៏ដើរនៅកន្លែងអ្នកលក់ យកម្ហូប លុះពេលដើរឆ្លងមកវិញមកដល់លើផ្លូវរថភ្លើង ជនរងគ្រោះក៏បានឃើញរថភ្លើងមកដែរ តែប្រឹងរត់ឆ្លងឲ្យផុត តែរត់ជំពប់ជើង និងផ្លូវដែកបានដួលក៍ត្រូវរថភ្លើងបើកពីកើតទៅលិចចេញពីស្ថានិយ៍ ស៉ីផ្លេនិងជាន់ហ្វ្រាំងតែជាន់មិនជាប់ក៍បុកកិនជនរងគ្រោះអូសប្រហែល៣០ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងយករថភ្លើងចេញដើម្បីយកសពជនរងគ្រោះប្រគល់ឲ្យក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖