ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រកាសជាសាធារណៈ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ពីវិធានការដ៏តឹងរឹង និងគ្មានការយោគយល់ ក្នុងគោលបំណងទប់ស្កាត់ ការសង់សំណង់ខុសច្បាប់ និងចាក់ដីលុបប្រឡាយ លុបអាងស្តុកទឹក នៅក្នុងរាជធានីភ្នំពេញ ដែលកត្តាទាំងអស់នេះហើយ ដែលបានចូលរួមចំណែក នាំឲ្យទឹកជន់លិច នៅក្នុងរាជធានីភ្នំពេញនោះ។
ការប្រកាសបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែសីហាឆ្នាំ២០១៧ ខណៈលោកនិងមន្ដ្រីជំនាញក្រោមឱវាទ បានដឹកនាំ ចុះទៅពិនិត្យផ្ទាល់ប្រឡាញរំដោះទឹកស្អុយ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រមទាំងការជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះផងដែរ។
សូមបញ្ជាក់ថា ការសង់សំណង់ខុសច្បាប់ ការចាក់ដីលុបប្រឡាយ ក៏ដូចជា អាងស្តុកទឹកនិងបឹងធម្មជាតិ នៅក្នុងរាជធានីភ្នំពេញ ក៏បានក្លាយជាប្រធានបទមួយ រងការរិះគន់ ពីប្រជាពលរដ្ឋយូរឆ្នាំមកហើយ ក៏ដោយសារតែសកម្មភាពខុសច្បាប់ទាំងនេះ បានធ្វើឲ្យទឹកជន់លិច នាពេលកន្លងទៅ ក្នុងរាជធានីភ្នំពេញ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាទឹកពីតាមបណ្តាខេត្ត (ស្ទឹងព្រែកត្នោត) បានហូរចូលមកកាន់រាជធានីមួយនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ថ្ងៃនេះ ក៏ដូចជា រៀងរាល់សប្តាហ៍ លោក តែងតែចុះពិនិត្យមើលតំបន់មួយចំនួន ដែលងាយរងគ្រោះ ពីព្រោះកន្លែងខ្លះ បើមិនចុះពិនិត្យ ដើម្បីបន្តនិរន្តរភាពរដ្ឋបាល វាអាចមានជនឪកាសនិយម ចង់សាងសង់ ឬរៀបចំចាក់ដី នៅលើអាងស្តុក និងនៅលើប្រឡាយ ។
ទន្ទឹមនឹងការគ្រប់គ្រងលើបញ្ហានេះ កាន់តែមានប្រសិទ្ធភាពលោក អភិបាលរាជធានីភ្នំពេញបានចាត់ឲ្យអភិបាលរង និងមន្រ្តីជំនាញ ចុះថតនៅតាមប្រឡាយដើម្បីប្រគល់ឲ្យអភិបាលខណ្ឌនិងចៅសង្កាត់ គ្រប់គ្រង ធ្វើយ៉ាងណាកុំឲ្យមានសំណង់ថ្មីកើតឡើយ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា៖ រាជធានីភ្នំពេញបើអត់ប្រឡាយ អត់អាងស្តុកទឹកនេះ យើងអត់សង្ឃឹមលើអីទេពីព្រោះ ទីក្រុងភ្នំពេញ ឥលូវនេះមិនត្រឹមតែអភិវឌ្ឍន៍ លើបរិមាណទេ តែស៊ីជំរៅ មានទៅលើ និងក្រោមដី ៕ សំរិត