ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ប្រាប់ឲ្យនគរបាលប៉ុស្ដិ៍ទាំងអស់ ដាច់ខាតត្រូវតែមានអ្នកចាំទ​ទួលពាក្យបណ្ដឹង របស់​ពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឲ្យនគរបាលគ្រប់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវតែមាន​​អ្នកចាំទទួលបណ្តឹង ពីប្រជាពលរដ្ឋគ្រប់ពេលវេលា២៤ម៉ោង លើ២៤ម៉ោង មិនថា​យប់មិនថាថ្ងៃ ហើយធ្វើបែបនេះទើបប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការផ្តល់ព័ត៌មាន ឬក៏ស្នើសុំកិច្ចអន្តរាគមន៍ទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង បានលើកឡើងថា ធ្លាប់មានប្រជាពលរដ្ឋ​ទៅដល់ប៉ុស្តិ៍រដ្ឋបាល​ហើយ ជួនកាលមិនមានអ្នកប្រចាំការ ជួនកាលមានប្រចាំការហើយ​តែគាត់សម្រាក ដោយបានស្រែកថាយប់ហើយ នេះ​ជាកិច្ចការដែលអាជ្ញាធរ មិនគួរធ្វេសប្រហែស ឬក៏មិនត្រូវទទួលយកទេ គឺត្រូវធ្វើម៉េចចាត់តាំងការងារ មានអ្នកយាមប្រចាំ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំទទួលបណ្តឹង ឬក៏ដោះស្រាយជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធប៉ុស្តិ៍រដ្ឋបាលសង្កាត់នេះ លោកអភិបាល​បានណែនាំ ដល់ខណ្ឌទាំងអស់ ត្រូវមានវេនយាម ដោយមានចាត់តាំងមន្រ្តីសម្រាប់យាម ទៅលើវេននីមួយៗ ឲ្យបានច្បាស់លាស់ មានន័យថា ទាំងការងាររបស់នគរបាល និងការងាររបស់អាជ្ញាធរ ត្រូវតែមានអ្នករង់ចាំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

​ភ្ជាប់ជាមួយបញ្ហានេះ ​លោក ឃួង ស្រេង បានលើកឡើងមកពិភាក្សាជាមួយ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជុំវិញរឿង​រ៉ឺម៉ក​កង់បី ដោយបានសង្កត់ធ្ងន់ថា ហាមដាច់ខាតវិទ្យុទាក់ទងមិនឲ្យមានទេ ហើយលោកអភិបាលរង មាន ចាន់យ៉ាដា ជាមួយ​តំណាងសមាគមទាំង២ គឺលោក វ៉ន ពៅ និងលោក អ៊ែល សម្ភស្ស ក៏បានឯកភាពក្នុងការបញ្ឈប់ មិនប្រើវិទ្យុទាក់ទងផងដែរ ហើយកិច្ចការងារនឹងបន្តតាមដានមើល ក្នុងករណីមិនបញ្ឈប់ការប្រើប្រាស់វិទ្យុទាក់ទងនេះ នឹងត្រូវប្រើប្រាស់វិធានការដកហូតតែម្តង។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១២ ត្រូវធ្វើការងារតាមផ្ទះជួល និងត្រូវមានការគ្រប់គ្រង ការធ្វើស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីមានមូលដ្ឋានក្នុងការជួយ និងកិច្ចអន្តរាគមន៍អ្វីមួយទៅលើបងប្អូនកម្មករ កម្មការិនី ដែលរស់នៅតាមផ្ទះជួល ដោយមានភ្ជាប់ជាមួយ​បញ្ជីឈ្មោះ និងមានបិទរូបថត ​ឯកសារផ្សេងៗឲ្យបានល្អប្រសើរឡើងវិញ៕ សំរិត


ចែករំលែក៖