ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ សីហា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់កំណត់រយះ ពេល២សប្តាហ៏ដើម្បីឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់តាំងអនុវត្តទៅលើទីតាំង ឬហាងកុងស៊ីបញ្ចាំត្រូវបិទ ឲ្យមានប្រសិទ្ធភាព និងបញ្ឈប់ឲ្យបាននូវវប្បធម៌អន្តរាគមន៏ ដែលជាវប្បធម៌អន្តរាគមន៏លើការងារខុសច្បាប់ ក្នុងន័យបញ្ជាផង និងណែនាំផង ។
លោក អភិបាលគូសបញ្ជាក់ថា៖ចំពោះកុងស៊ីបញ្ចាំដែលគ្មានច្បាប់ អាជ្ញាធរខណ្ឌត្រូវណែនាំឲ្យម្ចាស់ទីតាំងនោះបញ្ឈប់ ឬបិទកុងស៊ីបញ្ចាំហើយសុំច្បាប់ជាថ្មី ។ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាម អាជ្ញាធរត្រូវមានវិធានការរដ្ឋបាលបិទទីតាំងនោះតែម្តង។ ដោយសារតែមានទីផ្សារសំរាប់លក់នេះហើយ ទើបក្រុមចោរលួច ចោរ ប្លន់មិនខ្លាចនឹងធ្វើសកម្មភាពព្រោះម្ចាស់កុងស៊ីបញ្ចាំមិនបាច់តំរូវឲ្យមានឯកសារបញ្ជាក់ម្ចាស់ទ្រព្យ និងអាចនិយាយបានថា កុងស៊ីបញ្ចាំខ្លះរកស៊ីទិញផលចោរកម្ម។
ជាមួយគ្នានេះ លោកអភិបាលក៏បានណែនាំទៅដល់នគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ទាំងអស់ទូទាំងរាជធានីភ្នំពេញ ត្រូវមានអ្នកប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ គ្រប់ពេល វេលា២៤ម៉ោង លើ២៤ម៉ោង ។
ធ្វើបែបនេះទើបប្រជាពលរដ្ឋមានលទ្ធភាពក្នុងការផ្តល់ពត៌មាន ឬក៏សុំកិច្ចអន្តរាគមន៏ទាន់ពេលវេលា។ កិច្ចប្រជុំគណៈបញ្ជាការឯកភាព ក៏បានពិភាក្សាទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់,ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវមិនសមស្រប រួមទាំងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ផថដែរ។
ជាមួយគ្នានេះ វិធានការរដ្ឋ បាលត្រូវតែអនុវត្តចំពោះការចតរថយន្តអនាធិបតេយ្យជុំវិញបរិវេណទីលានប្រជាធិបតេយ្យចាស់រហូតដល់ផ្សារចាស់យកធ្វើជាកន្លែងលក់រថយន្តលើផ្លូវសាធារណៈ គឺមិនអាចឲ្យមានតទៅទៀត។ជាមួយគ្នានេះ ក៏ត្រូវពិនិត្យមើលករណីរថយន្តដឹកដី,ដឹកខ្សាច់ដែលនៅតែហៀរហូរមកលើទ្រូងផ្លូវ បង្កឲ្យបះពាល់ដល់សុខមាលភាព បរិស្ថាន និងសណ្តាប់ធ្នាប់ក្នុងទីក្រុងគឺមិនអាចបណ្តែតបណ្តោយតទៅទៀតទេ។
ដោយឡែក លោក ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១២ ត្រូវធ្វើការងារតាមផ្ទះជួល និងត្រូវមានការគ្រប់គ្រង មានស្ថិតិប្រជាពលរដ្ឋច្បាស់លាស់ដើម្បីមានមូលដ្ឋានក្នុងកិច្ចអន្តរាគមន៏ ឬបញ្ហាផ្សេងៗដែលអាចកើតមាន៕ សំរិត