ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់បញ្ជូន​ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖

ខេត្តកណ្តាលៈ កម្លាំងការិយាល័យនគរបាលស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរ​បាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងទទួលផែនអន្តោប្រវេសន៍ សហការជាមួយនគរ​បាលស្រុកអង្គស្នួល ឃាត់ខ្លួនបុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ាម្នាក់ដែលចូលមកស្នាក់នៅប្រទេសកម្ពុជាផុតកំណត់ទិដ្ឋការជាង៥ខែ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅភូមិបុរីកម្ម ឃុំបែកចាន ស្រុកអង្គស្នួល ។

ស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ បានថ្លែងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានឃាត់ខ្លួនឈ្មោះ IWUJI MODESTUS ONWULIRI កើតនៅឆ្នាំ១៩៨០ បច្ចុប្បន្នចូលមកស្នាក់នៅភូមិបុរីកម្ម ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីធ្វើជាគ្រូបង្រៀននៅសាលាឯកជន ។

លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់​លោក នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត អគ្គនាយកអន្តោប្រវេសន៍ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ក្នុងនាមលោកជាស្នងការរងទទួលផែន បានដឹកនាំកម្លាំងការិយាល័យនគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឈានដល់បង្រ្កាបឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលចូលមកស្នាក់នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ធ្វើជាគ្រូបង្រៀន ។ បុរសជនជាតិនីហ្សេរីយ៉ារូបនេះ​ចូលមកស្នាក់នៅផុតកំណត់ទិដ្ឋការអស់រយៈពេលប្រមាណ៥ខែ ។

លោកស្នងការរងបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន​បុរសជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖