ព័ត៌មានទាន់ហេតុការណ៍៖

ដឹកឈើឲ្យប៉ូលិសសេដ្ឋកិច្ចហើយ ជាអ្នករត់ការស៊ីដាច់គេត្រូវកងរាជអាវុធហត្ថបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុងដឹកឈើប្រណីត(ធ្នង់)ពេញប្រៀបដល់ដំបូល ដែលមានសន្លឹកធំតូច តម្លៃរាប់ម៉ឺនដុល្លារ ជារបស់មេឈ្មួញវៀតណាម ឲ្យប៉ូលិសសេដ្ឋកិច្ចម្នាក់ ជាអ្នករត់ការស៊ីដាច់គេឯង ត្រូវបានកងរាជអាវុធហត្ថខេត្តបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០១៧ នៅត្រង់ចំណុចអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល -សង្កាត់- ក្រុង- ខេត្តស្ទឹងត្រែង។

យោងតាមសេក្តីរាយការណ៍ច្បាស់ការបានឲ្យដឹងថា រថយន្តដែលកងរាជអាវុធហត្ថបង្ក្រាបនោះ ជារបស់មេឈ្មញវៀតណាមម្នាក់ឈ្មោះលី វ៉ាង ដែលតែងតែធ្វើសកម្មភាព ប្រមូលទិញឈើនៅក្នុងខេត្តស្ទឹងត្រែងជួ លគេដឹកទៅកាន់ខេត្តរត់នគីរី ក៏ត្រូវបានកងរាជកងរាជអាវុធហត្ថស្ទាក់ចាប់ និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចខាងលើ។

បន្ទាប់ពីកងរាជអាវុធហត្ថចាប់រថយន្តសាំងយ៉ុងខាងលើនៅព្រឹកថ្ងៃទី៩ សីហា ឈ្មោះលី វ៉ាង ជាមេឈ្មួញប្រាប់ថា រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនេះ គេបានឲ្យប៉ូលិសសេដ្ឋកិច្ចខេត្តម្នាក់ឈ្មោះ ហាន វិច្ឆិកា(ហៅម៉ូវ) ជាអ្នករត់ការទៅតាមស្ថាប័នផ្សេងៗ តែមិនដឹងយ៉ាងម៉េច ស្រាប់តែត្រូវគេចាប់ ប្រហែលស៊ីដាច់គេហើយបានគេចាប់។

ចំណែករថយន្តដឹកឈើចេញពីខេត្តស្ទឹងត្រែង គ្រប់រថយន្តគឺឈ្មោះ ហ៊ាន វិច្ឆិកា(ហៅ ម៉ូវ)ជាប៉ូលិសសេដ្ឋកិច្ចជាអ្នករត់ការ និងជាអ្នកមើលផ្លូវឲ្យទាំងអស់។

ប្រជាពលរដ្ឋរស់នៅចំណុចអូរពងមាន់បានលើឡើងថា ទោះជាមានបទបញ្ជាពីប្រមុរដ្ឋាភិបាលទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ តែសកម្មភាពដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង នៅតែកើតមានជាបន្តបន្ទាប់ ដោយសារតែមន្ត្រីខិលខូចមួយចំនួនដូចជាប៉ូលិសសេដ្ឋកិច្ចខាងលើ បានឃុបឃិតជាមួយឈ្មួញ ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នដែលកំពុងអនុវត្តច្បាប់។

បច្ចុប្បន្នការដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានគេមើលឃើញថា មានជនជាតិវៀតណាមជាប្រមូលទិញ ដូចជាឈ្មោះ ដុង ឈ្មោះប៉ាវ ឈ្មោះជីវ ឈ្មោះឡេង និងឈ្មោះវ៉ាង ជាអ្នកប្រមូលទិញដឹកតាមម៉ូតូរថយន្តសាំយ៉ុង បាលែន ឆ្លាម កាមរី យកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋ ដោយមានការបិតបាំងពីសមត្ថកិច្ច ទើបដឹកជញ្ជូនបន្តទៅកាន់ប្រទេសជិតខាង។

ពាក់ព័ន្ធក្នុងការអះអាងពីមេឈ្មួញក្នុងករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចស្វែងរកលេខទូរស័ព្ទទំនាក់ទំនងបានឡើយ។

ដោយឡែកឈើដែលកងរាជអាវុធហត្ថបង្ក្រាបនោះ ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើដែលមានចំនួន១ម៉ែត្រគូប៩ផ្លាន៦៧ ត្រូវបានដឹកយកមករក្សាទុកនៅខណ្ឌរបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕មាស សុផា


ចែករំលែក៖