ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិវៀតណាមជួញដូរគ្រឿងញៀនដោយប្រើប្រាស់រូបភាពជាអ្នកលក់បង្អែមបំភ័ន្តភ្នែកសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីជនជាតិវៀតណាមម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដោយប្រើប្រាស់រូប​ភាពជារុញរទះដើរលក់បង្អែម ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច តែត្រូវបានបែកធ្លាយក៏ត្រូវនគរបាល​ស្រុកពញាឮចាប់ខ្លួនបានរួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក​ចំនួន​០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាល​ពីវេលាម៉ោង១៦ និង១២នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន​ឈ្មោះ ង្វៀង ធីសាវ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បង្អែម បច្ចុប្បន្ន​ស្នាក់នៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងដែលត្រូវបានដកហូត​រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ និងទូរស័ព្ទ១គ្រឿង។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀន​ដែលសមត្ថកិច្ចកំណត់ និងតាមដាន ។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចទទួល​បានព័ត៌មានថា ជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយប្រើរូបភាពដើរ​លក់បង្អែមតាមភូមិ ។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមក សមត្ថកិច្ចបានចុះធ្វើការ​ស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីជនជាតិវៀតណាមរូបនេះ បានសារភាពជាភាសារខ្មែរថា ថ្នាំញៀនខាងលើនេះនាងបានទិញពីមេក្លោងនៅម្តុំស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពជួញដូរទៅឲ្យអ្នកប្រើប្រាស់៕ ស្អាងជ័យ


ចែករំលែក៖