ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបំបុកកម្មករជាង៤០០នាក់ ទីបំផុតនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យប្រធានគណនេយ្យរោងចក្រម្នាក់ត្រឡប់ទៅផ្ទះវិញយ៉ាងរំភើយ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណនេយ្យរោងចក្រកាត់ដេរយីហោ” International Royal ” ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ដែលនេះធ្វើឲ្យ មជ្ឈដ្ឋានមួយចំនួន រិះគន់យ៉ាងខ្លាំងចំពោះការដោះលែងនេះ ព្រោះសកម្មភាពរបស់ជនបង្ក បានបើករថយន្តបំបុកកម្មករ កម្មការិនីជាង៤០០នាក់ ហើយធ្វើឲ្យកម្មករមួយចំនួនរងរបួសបាក់ដៃទៀតផង ។ មូលហេតុនៃការដោះលែងនេះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យមួយរូប អះអាងថា ដោយសារមានការសម្របសម្រួលគ្នាបញ្ចប់រឿង បន្ទាប់ពីជនរងគ្រោះទទួលយកសំណង ហើយក៏មានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែរ ។

សូមបញ្ជាក់ថា ប្រធានគណនេយ្យរោងចក្ររូបនេះ ឈ្មោះ យ៉ែម សុចិត្រ បានបើករថយន្តបំបុកកម្មករកម្មការិនីជាង៤០០នាក់ កាលពីរសៀលថ្ងៃទី១២ ខែសីហា នៅចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈក្រុមកម្មករកំពុងតវ៉ាដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយនូវលក្ខខណ្ឌការងារមួយចំនួន ។ អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ពេលកម្មករទាំងអស់ កំពុងតែតវ៉ាមុខរោងចក្រ ស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម សុចិត្រ បើករថយន្តម៉ាកកាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2X-1058 ចេញពីក្នុងរោងចក្រយ៉ាងលឿនក្នុងបំណងបំបុកចូលហ្វូងកម្មករ ដែលជាហេតុធ្វើឲ្យម្នាក់ៗមានការភិតភ័យលស់ព្រលឹងចុងសក់ ប៉ុន្តែពេលនោះមានកម្មករជាច្រើនបានរត់រួចនៅសល់ កម្មការិនីម្នាក់អង្គុយលើម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសបាក់ដៃធ្ងន់ធ្ងរ បន្ទាប់មកបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្មករ នាំគ្នាព័ទ្ធចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគរបាល ដើម្បីចាត់ការតាមតាមច្បាប់ ។ ប៉ុន្តែក្រោយមក ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលសម្របសម្រួលគ្នា។

ទាក់ទិនរឿងនេះ លោក យិន សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានមាន ប្រសាសន៍ឲ្យដឹងថា រឿងនេះមិនពិតទេ អ្នកណាបុកកម្មករហើយឲ្យរួចខ្លួន? ការពិតរដ្ឋបាលរោងចក្របើករថយន្តបត់ប៉ះម៉ូតូហើយគ្មានរបួសស្នាមទេ ។ យើងឃាត់អ្នកបើកឡានបានមួយយប់អប់រំតែតំណាងកម្មករសុំឲ្យអប់រំ យើងក៏ធ្វើតាមសំណូមពរកម្មករ។ ចំពោះការនិយាយរបស់ប៉ូលិស ក៏អត់ដឹងរឿងដែរ ឮថារបួសធ្ងន់ធ្ងរតែទៅមើលតាមមន្ទីរពេទ្យ អត់មានរបួសទេ។ រឿងនេះចោទប្រកាន់គ្នាទៅវិញទៅមក តែអ្នកបើកឡានធ្វេសប្រហែសក្នុងការបើកបរក៏ធ្វើការអប់រំឲ្យត្រឡប់ទៅវិញនិងបានរាយការណ៍ទៅព្រះរាជអាជអាជ្ញារងពីស្ថានការណ៍នេះ។ ចំពោះករណីថាអ្នកបើកឡានគេច អត់គេចទេ អ្នកបើកបរ ចូលរោងចក្រធម្មតាហើយមិនមែនកម្មករពទ័្ធចាប់ទេគឺប៉ូលិសទៅហៅមកនិយាយគ្នាធម្មតា ប៉ុណ្ណោះ ៕ចេស្តា


ចែករំលែក៖