ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងអនីតិជន កំពុងក្លាយខ្លួនជាអ្នកជួញដូរគ្រឿងយ៉ាងសកម្ម ដោយមេខ្លោងប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាក្រុមមេខ្លោងជួញដូរគ្រឿងញៀនកំពុងតែធ្វើសកម្មភាពប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចយ៉ាងណាក៏ដោយ នៅតែគេចមិនផុតពីកម្លាំងជំនាញធ្វើការស្រាវជ្រាវនិងតាមចាប់ក្រុមជនសង្ស័យទាំងអស់នោះមកកាត់ទោសតាមច្បាប់ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី កម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនកុមារា កុមារី២នាក់ ខណះដែលពួកគេកំពុងតែឈរធ្វើសកម្មភាពលក់ថ្នាំញៀនយ៉ាងសកម្មនៅចំណុចតំបន់ស្មុកស្មាញ ស្ថិតនៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កុមារានិងកុមារីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១​ ឈ្មោះ សុខ ស្រីលីន ភេទ ស្រី អាយុ៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៩ ផ្លូវរថភ្លើង​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២​ ឈ្មោះ មាស​ ចំរើន​ ភេទប្រុស​ អាយុ១២​ ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើង​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក ហើយក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានជាច្រើនលើកផងដែរ ។

តាមប្រភពព័ត៌មានពី មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្មេងទាំង២នាក់នេះគឺ កម្លាំងជំនាញនគរបាលខណ្ឌទួលគោក បានធ្វើការល្បាតពួនស្ទាកើ ដើម្បីរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណៈនោះបានឃើញក្មេង ប្រុស ស្រី ២នាក់នេះកំពុងឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង ម្ដុំរោងចក្រឆ្នាំង ទើបប៉ូលីសខណ្ឌទួលគោកធ្វើការឃាត់ខ្លួនរួមនិងការដកថ្នាំញៀនបាន៥៩កញ្ចប់តែម្តង។

បច្ចុប្បន្នក្មេងសង្ស័យទាំង២នាក់នេះ ត្រូវបាន នគរបាលបញ្ចូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖