ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលគេសង្ស័យថាជនរងគ្រោះជិះម៉ូតូវ៉ារថយន្តមិនផុតហើយប៉ះដៃចង្កូតបណ្តាលឲ្យដួលបោកក្បាលស្លាប់តែម្តង។
បុរសម្នាក់ជាឪពុកបានឈរយំស្រណោះកូនស្លាប់យ៉ាងអាណោចអាធមនៅកន្លែងកើតហេតុបាននិយាយថា កូនគាត់មានឈ្មោះ កូយ ឆេកូ អាយុ១៩ឆ្នាំ មុខរបរសន្តិសុខនៅកោះពេជ្រ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ ជិះម៉ូតូម៉ាកZOOMER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GC-8209 ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូពីកើតមកលិចយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុក៏ដួលតែម្តងបោកក្បាលស្លាប់ហូរឈាមពេញផ្លូវ សង្ស័យជនរងគ្រោះប៉ះនឹងរថយន្ត។ ព្រោះថានៅកន្លែងកើតហេតុពុំឃើញមានរថយន្ត ឬអ្វីផ្សេងទៀតនៅកន្លែងកើតហេតុនោះទេ ហើយរថយន្តក៏គេមិនឈប់ដែរគេចបាតើតែម្តង។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះអាចជិះម៉ូតូប៉ះនឹងរថយន្តដួលខ្លួនឯងបោកក្បាលស្លាប់ ព្រោះថាជនរងគ្រោះអត់ពាក់មួកសុវតិ្ថភាពឡើយ។ សមត្ថកិច្ចបន្តថា សាកសពសមត្ថកិ្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោយធ្វើការវាស់វែងរួច៕ ឌិន សុខស៊ីថា