ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សាំងឡើងថ្លៃ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ នាងខ្ញុំកត់សម្គាល់ឃើញថា តម្លៃប្រេងសាំងនៅតាមស្ថានីយនានាក្នុងរាជធានីភ្នំពេញ បានឡើងថ្លៃតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ នាងខ្ញុំចង់និយាយថា ក្រសួងពាណិជ្ជកម្មមិនបានជំរុញឲ្យតម្លៃប្រេងសាំងចុះថ្លៃនោះទេ។ ជំនាន់លោករដ្ឋមន្ត្រីមុន តម្លៃប្រេងសាំងចុះថ្លៃជាងនេះ។ រដ្ឋមន្ត្រីមុន ហាក់ដូចជាបានយកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់អំពីបញ្ហាតម្លៃប្រេងសាំងនេះ។

នាងខ្ញុំមិនដឹងថា តើរបៀបរបបនៃការកំណត់តម្លៃប្រេងសាំងនោះយ៉ាងណាទេ ប៉ុន្តែកត់សម្គាល់ឃើញថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ មានបញ្ហាជាច្រើនមិនត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ។ ប្រជាពលរដ្ឋនៅតាមព្រំដែនភាគឦសាន ក៏ដូចជាភាគខាងលិចនៃប្រទេស នៅតែប្រឈមតម្លៃកសិផល។ កាលពីចុងខែមុន ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងនាំគ្នាធ្វើបាតុកម្មចំពោះបញ្ហាតម្លៃផ្លែពោតដែលថោក គឺស្រេចតែបបូរមាត់ឈ្មួញបរទេស។ បើទោះបីជាបច្ចុប្បន្ននេះ តម្លៃផ្លែពោតរើបឡើងវិញបន្តិច គឺស្របពេលដែលនៅតាមចម្ការរបស់ប្រជាពលរដ្ឋស្ទើរតែអស់ផ្លែពោតទៅហើយ។ ដូចគ្នានេះដែរ តម្លៃកសិផលផ្សេងៗទៀត នៅតែស្ថិតនៅលើបបូរមាត់ឈ្មួញបរទេស ឬឈ្មួញកណ្តាលក្នុងស្រុកដដែល។

ក្រៅពីនេះ បញ្ហានៃការនាំទំនិញគ្មានគុណភាពក្រោមការត្រួតពិនិត្យរបស់កាំកុងត្រូលនៃក្រសួងកសិកម្ម នៅតែចោទជាបញ្ហា។ ក្រសួងពាណិជ្ជកម្មមានម៉ាស៊ីនត្រួតពិនិត្យគុណភាពទំនិញ ចំណីអាហារនៅតាមផ្សារ ប៉ុន្តែយ៉ាងណាមិនអាចទប់ស្កាត់ទំនិញខូចគុណភាពពីបរទេសមកបានឡើយ។ មន្ត្រីកាំកុងត្រូលនៅតាមព្រំដែន ប្រទេសជិតខាងត្រូវបានប្រជាពលរដ្ឋមើលឃើញថា ពោរពេញទៅដោយអំពើពុករលួយក្នុងការអនុញ្ញាតឲ្យនាំទំនិញ ចំណីអាហារគ្មានគុណភាពចូលក្នុងប្រទេស។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហាក់ដូចជាមិនបានចាត់វិធានការជាក់លាក់ចំពោះមន្ត្រីខិលខូចទាំងនោះឡើយ។ ហេតុដូច្នេះហើយ សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសត្រូវប្រឈមនឹងបញ្ហាជាច្រើន។

រឿងរ៉ាវជាច្រើននៅក្នុងក្រសួងពាណិជ្ជកម្មក្រោមអំណាចរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ទាំងនាងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសមើលឃើញថា គ្មានការប្រែប្រួលប្រកបដោយភាពវិជ្ជមាននោះឡើយ។ ទាំងបញ្ហាប្រេងសាំង, ទំនិញគ្មានគុណភាព និងតម្លៃកសិកផលរបស់ប្រជាពលរដ្ឋ…មិនមានភាពប្រសើរឡើងឡើយ។ មិនមែនតែនាងខ្ញុំនោះទេ តែវាជាការមើលឃើញរបស់ប្រជាពលរដ្ឋទូទាំងប្រទេសអំពីចំណុចអវិជ្ជមានទាំងនេះ ហើយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មមិនបានធ្វើឲ្យប្រសើរឡើង៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖