ព័ត៌មានទាន់ហេតុការណ៍៖

លោក សៀង សុខ ដឹកនាំមន្ត្រីនគរបាលយុត្តិធម៍ឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរស្វែងរកវត្ថុតាងបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីចៅក្រុមសើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាប់ចោទ សួន សេរីរដ្ឋា ដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នោះ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំសម្របសម្រួលនីតិវិធីកម្លាំងសមត្ថកិច្ចបន្តឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរ ដែលស្ថិតនៅផ្ទះលេខ២៤៤ ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ដើម្បីស្វែងរកវត្ថុតាងបន្ថែមដាក់បន្ទុក។ ដោយឡែក លោកសួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរ បានធ្វើសន្និសីទកាសែតជុំវិញការចាប់ខ្លួនលោកសួន សេរីរដ្ឋានេះផងដែរនៅព្រឹកថ្ងៃខែដដែលនេះ។

គួររំលឹកថា៖ បន្ទាប់ពីបានសាកសួរនិងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អង្គហេតុប្រព្រឹត្តដោយ លោក សួន សេរីរដ្ឋា គឺបានធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន ៖
១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ
២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ
៣-បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា ៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះនៅថ្ងៃទី២៤ ខែសីហា ខាងមុខ៕ សិលា

 


ចែករំលែក៖