ខេត្តក្រចេះ៖ រយៈពេល២ថ្ងៃកន្លងទៅនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានវាយប្រហារយ៉ាងធ្ងន់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះមួយរូបជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជន្លង់ម្រេចក្នុងមួយឡាន១ម៉ឺន៥ពាន់រៀល និង៤ម៉ឺនរៀល ដោយមិនឲ្យតថ្លៃ ហើយសកម្មភាពប្រព្រឹត្តជាក់ស្តែងនេះ ត្រូវបានគេថតជាប់រូបភាពដោយផ្ទាល់ក្នុងការចរចាតម្លៃ ក្នុងនោះ លោកមេព្រៃបានកំណត់ឲ្យបង់ក្នុង១ឡានដំបូង១ម៉ឺន៥ពាន់រៀល និង៤ម៉ឺនរៀល ដោយសារគាត់នឹងទើបមកធ្វើការកន្លែងនេះថ្មី ដូច្នេះត្រូវតែវាយលុកហើយ បើមិនយកលុយគឺចាប់តែម្តង។
មេព្រៃប្រព្រឹត្តអំពើមិនគប្បីនេះ ត្រូវបានគេដឹងថា ឈ្មោះ ឃួន ជីវិន ជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកឆ្លូង បានប្រើប្រាស់រថយន្តមួយគ្រឿងរបស់ខ្លួនធ្វើជាមធ្យោបាយប្រមាញ់ដេញចាប់ រថយន្តដឹកជន្លងម្រេចរបស់ប្រជាពលរដ្ឋ ក្នុងនោះ លោកថែមទាំងប្រាប់ទៅកាន់ក្រុមអ្នកដឹកជន្លង់ម្រេចនោះថា មុនដំបូងយកតម្លៃដូចខាងលើ តែក្រោយៗទៀត អាចបញ្ចុះតម្លៃបាន និងទូរស័ព្ទមកផ្ទាល់ចរចាគ្នា។ ទោះជាមានការបង្ខំក្នុងរូបភាពនេះក៏ដោយ ប្រជាពលរដ្ឋដឹកជន្លង់ម្រេចបានអះអាងថា មេព្រៃមកថ្មីនេះនៅតែយកលុយលើសពីមេព្រៃមុនៗ ដែលត្រឹមតែមួយឡាន១ម៉ឺនរៀលប៉ុណ្ណោះ។
បន្ទាប់ពីហ្វេសប៊ុកបានបង្ហោះពីសកម្មភាពមេព្រៃនេះផ្អើលទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោក គុយ ហួត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានសម្រេចផ្ទេរភារកិច្ចបុគ្គលរូបនេះ តាមលិខិតលេខ៥៨៧ ស.ក.រ.ន. ប្រច ក្នុងនោះសម្រេចសម្រួលភារកិច្ច ឃួន ជីវិន ពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង ឲ្យទៅបម្រើការងារជាមន្ត្រីរដ្ឋបាលព្រៃឈើក្រចេះវិញ ក្នុងនោះ ក៏មិនបានឃើញលិខិតរដ្ឋបាលណាមួយ ក្នុងការស្តីបន្ទោសទៅកាន់មន្ត្រីខិលខូចនេះនៅឡើយទេ។
ទន្ទឹមនឹងមានការផ្ទេរតំណែងមេព្រៃដ៏កំហូចរូបនេះ នៅខេត្តក្រចេះនាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ គឺមានរថយន្តដឹកជញ្ជូនឈើឆ្លងកាត់មកពីខេត្តស្ទឹងត្រែងចំនួន១៧គ្រឿង មានសាំយ៉ុង១០គ្រឿង ហាយឡេនឌឺ៧គ្រឿង ឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀង ស្រុកស្នួល ខេត្តក្រចេះ ហើយករណីផ្សេងមួយទៀត យប់ថ្ងៃដដែលនោះ រថយន្តធុនធំ១គ្រឿងក៏បានដឹកឈើចេញពីក្រុមហ៊ុនតុងមិញ បម្រុងលោតឆត្រទៅប្រទេសវៀតណាម ប៉ុន្តែដោយស្ថានភាពផ្លូវលំបាក ជាមួយនឹងភ្លៀងធ្លាក់ផង រថយន្តដឹកឈើក៏បានក្រឡាប់មុខក្រុមហ៊ុនតុងមិញ ក្រុមអ្នករត់ការបានយករថយន្តផ្សេងមកសាងដឹកឈើទាំងនោះចូលក្រុមហ៊ុនវិញ ដែលគេសង្ស័យថា តាមគម្រោងឈើនឹងដឹកចេញពីក្រុមហ៊ុនតុងមិញសម្រាប់យប់នេះដើម្បីឆ្លងទៅប្រទេសវៀតណាម។
មន្ត្រីរដ្ឋបាលព្រៃឈើខ្លះបានលើកឡើងថា មន្ត្រីខ្លះងាយនឹងរងគ្រោះដោយសារប្រឹងទាញយកផលប្រយោជន៍បន្តិចបន្តួចដើម្បីក្រពះនិងសាំងតាមរយៈប្រជាពលរដ្ឋដឹកតាមម៉ូតូ និងដឹកជន្លង់ម្រេច ក៏ដូចជាគ្រឿងផ្ទះបន្តិចបន្តួច ប៉ុន្តែចំពោះសកម្មភាពមេៗរដ្ឋបាលព្រៃឈើ ដូចជានាយសង្កាត់ នាយផ្នែក នាយខណ្ឌ ជាមួយនឹងប្រធានមន្ទីរកសិកម្មខេត្តក្រចេះនេះផងដែរ ពាក់ព័ន្ធនឹងសកម្មភាពឡានដឹកជញ្ជូនឈើទាំងខ្សែៗ មានទាំងឡានសាំយ៉ុង ឡានហាយឡេនឌឺ ឡានតាកូម៉ា និងឡានយីឌុប សុទ្ធតែលោតឆត្រ មិនត្រូវបានថ្នាក់លើមើលឃើញ ឬចាប់កំហុសឡើយ។ ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោក ទ្រី សុភក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោក កុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះ នៅយប់នេះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឈ្មួញក៏ត្រៀមលើកឈើពីចំណុចស្រែពក ប្រភេទឈើធ្នង់រាប់សិបឡានមកកាន់ខេត្តក្រចេះដើម្បីឆ្លងទៅវៀតណាម តាមច្រករបៀងស្រុកស្នួល ពិតជាមិនរំខានទៅកាន់សមត្ថកិច្ចអាជ្ញាធរ ជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះមួយនេះទេ ៕ សុខ ខេមរា