ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យអប់រំម្ចាស់ទីតាំងទទួលបញ្ចាំ សង្ស័យឃុបឃិតទទួលយករបស់របរពុំត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងហាងបញ្ចាំកើតមានព្រោងព្រាត ពាសពេញទីក្រុងភ្នំពេញ ហើយកន្លងមក តែងតែឃើញ លេចឮ ម្ចាស់ទីតាំងមួយចំនួនឃុបឃិតជាមួយជនខិលខូចដែលយករបស់របរ ម៉ូតូ ឡាន យកមកបញ្ចាំដែលគ្មានឯកសារសំគាល់គ្រាប់គ្រាន់ ទោះជាលួច ប្លន់ ពីខាងណាក៏ដោយ សំខាន់ឲ្យតែរត់មកដល់ផ្ទះ ហាងបញ្ចាំ ទាំងនោះគឺទទួលយកទាំងអស់ វាជាការផ្តល់ឱកាស លទ្ធភាពឲ្យ ក្រុមបង្កអសន្តិសុខក្នុងសង្គមបានចិត្ត បានដៃ ក្រោយពីផ្ទះ ហាងបញ្ចាំទាំងនោះបើកដៃចំហរទ្វាររង់ចាំ ទើបឈានដល់ ការប្រព្រឹត្តល្មើសកើតឡើងជារៀងរាល់ថ្ងៃក្នុងរាជធានី ខេត្តក្រុង។

ដោយឡែកខណ្ឌសែនសុខវិញ មិនខុសណាពីខណ្ឌផ្សេងៗ ដែលធ្លាប់មានឈ្មោះល្បីរាល់ថ្ងៃដូចខណ្ឌទួលគោក មានម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ឡើយ ទើបនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ខណៈដែលភាពអសន្តិសុខ ក្នុងរាជធានីភ្នំពេញ ចោរលួច ឆក់ ប្លន់ កក្រើកក្រុង ប៉ូលីសគ្មានបានដេកពួន សម្រាកការងាររដ្ឋបាលឲ្យស្រួលខ្លួននោះទេ ដើរបង្ក្រាបបទល្មើសមិនចេះអស់ ទើបលោក បុឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ បានបញ្ជាឲ្យលោកអភិបាលរងខណ្ឌពីរូប ចុះត្រួតពិនិត្យ អប់រំ ដល់ម្ចាស់ទីតាំងកន្លែងទទួលបញ្ចាំ ដើម្បីងាកមកប្រកបការងារ របរស្របច្បាប់ គ្មានការឃុបឃិតជាមួយចោរ ។

ក្នុងកិច្ចប្រតិបត្តិការចុះអប់រំផ្សព្វផ្សាយទីតាំងហាងទទួលបញ្ចាំនោះដឹកនាំដោុយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌ លោក ព្រុំ ស័ក្តា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ លោក គួក សុខហួ អធិការរងនគរបាលខណ្ឌសែនសុខនិងអាជ្ញាធពាក់ព័ន្ធជាច្រើនទៀត បានចុះត្រួតពិនិត្យ ទីតាំងបញ្ចាំ គ្មានច្បាប់អនុញាត្តិ២កន្លែងគឺទីមួយ យុីហោ C&K ស្ថិតនៅតាមផ្លូវ១០០៣ ក្រុម៧ ភូមិប៉ាយ៉ាបក្នុងសង្កាត់ភ្នំពេញថ្មី តែម្ចាស់ទីតាំងហាក់បីដូចជាមានអ្នកប្រាប់ដំណឹងមុន ពេលអាជ្ញាធរចុះទៅ គ្មានឃើញ ម៉ូតូ សុីក្លូ ឡាន ណាថាទទួលអត់ច្បាប់នោះទេ ហើយក៏មិនមានម៉ូតូ ទទួលបញ្ចាំដែរ គ្រាន់តែថាអត់មានច្បាប់បើកអាជីវកម្មតែប៉ុណ្ណោះ ។ ទីតាំងទី២ ស្ថិតនៅតាមផ្លូវ ហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានយីហោ សួន សារិន(ហៅគង់) ហើយធ្វើការណែនាំដល់ម្ចាស់ទីតាំងនេះ បញ្ឈប់ទទួលយក ម៉ូតូ រថយន្ត ដែលគ្មានឯកសារ ដើម្បីជាលាភប្រយោជន៍ផ្ទាល់ខ្លួន ។

តាមអាជ្ញាធរបានឲ្យដឹងថា ការចុះត្រួតពិនិត្យ អប់រំ ដល់ទីតាំង ម្ចាស់ហាងបញ្ចាំ នេះជាជំហានដំបូង តែមិនបានបញ្ជាក់ប្រាប់ថាជាលើកទីប៉ុន្មាននោះទេ ក្នុងគោលបំណង មាន២យ៉ាង ទី១ ទីតាំងហាងបញ្ចាំ បើកអាជីវកម្ម មានច្បាប់ត្រឹមត្រូវពីសាលារាជធានីភ្នំពេញ ។ ទី២ បញ្ឈប់ទទួលយក របស់របរ ទ្រព្យសម្បត្តិ គ្មានឯកសារសំគាល់ ឬមិនប្រក្រតី ។

តែទោះជាយ៉ាងណាក្តី នៅតែមានមតិរឹះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឱកាសមួយប្រមូលលុយ កាលបើ ទីតាំងបញ្ចាំមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែ ដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលអ្នកអនុវត្តន៍មានមួយចំនួន តែថៅកែ ម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នង របស់គាត់ ធំជាងអាជ្ញាធរ ទៅទៀត ។ តែទោះជាជ្រុងមួយនៃការរៀបចំ ជម្រុញ របស់អាជ្ញាធរខណ្ឌ ក្រុង ដើម្បីឲ្យសន្តិសុខក្នុងសង្គមប្រសើរ គ្មានចោរកម្ម តាមរូបភាពហាងបញ្ចាំនោះ ពលរដ្ឋជឿជាក់ សង្ឃឹមថាធ្វើបានទៅចុះ។

ទោះជាយ៉ាងនេះក្តីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ បានឲ្យដឹងថាដោយមានការប្រជុំពីគណះបញ្ជាការឯកភាពសាលារាជធានីភ្នំពេញឲ្យអាជ្ញាធខណ្ឌទាំង១២ត្រូវតែចុះពិនិត្យនិងណែនាំដល់ម្ចាស់ទីតាំងទទួលបញ្ចាំទាំងអស់មិនត្រូវទទួលយករបស់របរណាដែលគ្មានលិខិតស្នាមត្រឹមត្រូវទៀតទេ។ហើយដោយមានការប្រជុំពីគណះបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក បុឹល កុសល អភិបាលខណ្ឌបានបញ្ជាឲ្យលោកទាំងពីដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យទីតាំងខាងលើនេះ។

លោកអភិបាលរងរូបនេះបន្តទៀតថា ទីតាំងទទួលបញ្ចាំទាំងអស់ក្នុងខណ្ឌសែនសុខមានជិត១០កន្លែងហើយកិច្ចការនេះនិងបន្តចុះពិនិត្យឲ្យអស់បើរកឃើញថាទីតាំងណាមួយមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវទេនោះលោកនិងរាយការជួនថ្នាក់លើដើម្បីបិទអាជីកម្មនោះតែម្តង៕ តុង សីហា


ចែករំលែក៖