ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ជាថៅកែឡានដឹកអ្នកដំណើរភ្នំពេញស្ទឹងត្រែងយីហោ១៦៨ ថង វ៉ាងតាមដីកាបង្គាប់របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំង នគបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន ខេត្តស្ទឹងត្រែងបាន ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាថៅកែ រថយន្តរថយន្តរត់តាក់ស៊ី យីហោ ថង វ៉ាង ១៦៨ ដឹកអ្នកដំណើរពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញមានឈ្មោះ ថង វ៉ាង តាមដឺកាបង្គាប់របស់សាលាដំបូង រាជធានីភ្នំពេញ ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចាប់ខ្លួននៅផ្ទះយីហោជនសង្ស័យតែម្តង ស្ថិតនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

តាមការបញ្ជាក់ឲ្យដឹងពីលោក សាន់ និមល ស្នងការរងទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្ទឹងត្រែងបានប្រាប់កាលពីវេលាម៉ោង១០និង៤២នាទីព្រឹកថ្ងៃទី១៧ ខែសីហានេះថា ក្នុងការចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរឿង ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀនខាងលើនោះ ខាងជំនាញរបស់លោកបានសហការណ៍ជាមួយកម្លាំង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃចុះចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចខាងលើនោះ ដោយធ្វើតាមដឺកាបង្គាប់មកពីរាជធានីភ្នំពេញ ។

លោកបានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ ដែលសមត្ថកិច្ចជំនាញចាប់ខ្លួនបានខាងលើនោះមានឈ្មោះ ថង វ៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត ទីកន្លែងកំណើត នៅភូមិកណ្តាល សង្កាត់ ក្រុងស្ទឹងត្រែង បច្ចុប្បន្នរស់នៅកន្លែងកើតហេតុខាងលើ ក្រោយពីបានចាប់ខ្លួនជនសង្ស័យខាងលើនោះ រួចរាល់ហើយត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃបាននាំខ្លួនយកទៅកាន់ឯរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ក្នុងការចាប់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធករណីរឿងគ្រឿងញៀនខាងលើនោះ គឺត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមាន២លើកទាំងលើកនេះហើយ ដោយលើកទី២នេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងរបស់សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្តស្ទឹងត្រែងចុះចាប់តាមដឺកាបង្គាប់របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅចំណុចតាមផ្លូវ១៣៦ (ខាងត្បូងផ្សារធំថ្មី) សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ។

ដោយឥឡូវនេះតាមដឺកាបង្គាប់ពីចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ លោកធាម ច័ន្ទពិសិដ្ឋ បានចេញដឺកាសម្រេចឲ្យឃំុខ្លួនបណ្តោះអាសន្នលេខ៤៧៣៨ “ស” ដពសចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះថង វ៉ាង ភេទប្រុសមានឆ្នាំកំណើត១៩៨១សញ្ជាតិខ្មែរ ទៅដាក់នៅមណ្ឌលអប់រំកែប្រែទី១ ៕ មាស សុផាត


ចែករំលែក៖