ភ្នំពេញ៖ បុរសម្នាក់ត្រូវបានមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូកាត់មុខផ្ទះគេហើយត្រូវឆ្កែដេញមិនទាន់បានខាំផង បែរជាខឹងហើយវាយម្ចាស់ជាជនពិកាជើងទាំង២បណ្ដាលឲ្យរងរបួសស្រាល។
ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះមាស មករា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់កង់បី រស់នៅភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកឯជនបង្ក ឈ្មោះនួន សុត្រ្តា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្រ្តី រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាននិយាយថា នៅមុនពេលកើតហេតុជនបង្កជិះម៉ូតូធំមួយគ្រឿងធ្វើដំណើរតាមផ្លូវហើយកាត់មុខផ្ទះជនរងគ្រោះត្រូវឆ្កែរបស់គាត់ដេញម៉ូតូជនបង្ក។ ពេលនោះជនបង្កស្រែកថា ហែងមើលនែ ឆ្កែដេញខាំអញមើលចាប់ឆ្កែហែងផង។ បន្ទាប់មក ជនរងគ្រោះជាម្ចាស់ផ្ទះមកសួរនាំ ឆ្កែខ្ញុំមិនទាន់ខាំឯណា អីក៏ច្រឡោតម្ល៉េះ ខណៈនោះជនរងគ្រោះដើរមកជិតជនបង្កហើយបានប៉ះពាក្យសំដីគ្នា ហើយត្រូវជនបង្កខាងលើបានវាយទៅលើជនរងគ្រោះ ដែលជាជនពិកាជើងទាំង២ពាក់ជើងជ័រសិប្បនិមិត្តបណ្តាលឲ្យជនរងគ្រោះឌួលផ្កាប់មុខរងរបួសពេញខ្លួនហើយត្រូវបានប្រជាពលរដ្ឋ ទូរស័ព្ទហៅកម្លាំងនគរបាលមកអន្តរាគមន៍ឃាត់ជនបង្ក និងជនរងគ្រោះមកប៉ុស្តិ៍ដើម្បីសួរនាំ។
ក្រោយពេលកើតហេតុ បន្ទាប់ពីការសួរនាំជនរងគ្រោះ បានទាមទារសំណងចំនួន១ពាន់ដុល្លារ តែដោយមានភាគីខាងជនបង្កសុំបញ្ចប់នៅប៉ុស្តិ៍ចំនួន១៥០ដុល្លារ ដោយមិនមានការប្ដឹងផ្តល់គ្នាសូមឲ្យកម្លាំងនគរបាលធ្វើកិច្ចសន្យាទៅលើជនបង្កខាងលើ ដោយមានអ្នកធានាត្រឹមត្រូវ៕ សុខាសែនជ័យ