ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឆែកឆែរឃ្លាំងបញ្ចាំរថយន្តក្បែរពន្ធនាគារព្រៃស ឃើញឡាន៣៣គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​ ១៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៧នេះ​ លោក​ តាំង​ សុនឡាយ​ ប្រធានសាលា​ដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់នឹងអនុញ្ញាតឲ្យតំណាងអយ្យការដឹកនាំ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ​ខណ្ឌដង្កោចុះឆែកឆេរឃ្លាំងទទួលបញ្ចាំរថយន្ត​ដ៏ធំមួយកន្លែងដែលនៅក្បែរគុកព្រៃស ស្ថិតក្នុងភូមិកំរៀង​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ជុំវិញប្រតិបត្តិការចុះឆែកឆេរឃ្លាំងខាងលើនេះ បានដឹកនាំដោយផ្ទាល់ពីសំណាក់លោក​ កុល​ បុន​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក​ នុត​ ពុធដារ៉ា​ អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ​ នឹងមានការចូលរួម​ពីលោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកអធិការខណ្ឌនឹងមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ រួមនឹងកម្លាំងសមត្ថកិច្ចជាច្រើនទៀត ហើយចំពោះប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញរថយន្តជាច្រើនម៉ាក​ សរុបចំនួន​ ៣៣គ្រឿង​ នៅក្នុងឃ្លាំងមួយនេះ​ ហើយសមត្ថកិច្ចបានពិនិត្យ​ទៅលើឯកសារទទួលបញ្ចាំយាន្តយន្តទាំង៣៣គ្រឿងនោះ​ គឺពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ​ ដោយមានឯកសារទទួលបញ្ចាំត្រឹមត្រូវ​ ។

គួរបញ្ជាក់ថា​ ក្រោយពីលោក​ ឃួង​ ស្រេង​ អភិបាលនៃអភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ​ សមត្ថកិច្ចគ្រប់បណ្តាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញចេញប្រតិបត្តិការត្រួតពិនិត្យមើលច្បាប់ទម្លាប់គ្រប់ទីតាំងឃ្លាំងទទួលបញ្ចាំ​ ទើបសមត្ថកិច្ចខណ្ឌដង្កោ​ បានចុះត្រួតពិនិត្យតាមមូលដ្ឋាន ហើយសង្កេតឃើញឃ្លាំងខាងលើដែលមានម្ចាស់ឈ្មោះ​ ឃឹម​ យោល​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ មានទទួលបញ្ចាំរថយន្ត និងម៉ូតូ​ ដូច្នេះសមត្ថកិច្ច​ មានការសង្ស័យទីតាំងទទួលបញ្ចាំនេះ​ ជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ​ ។

សមត្ថកិច្ចក៏បានធ្វើលិខិតស្នើសុំទៅ​ ប្រធានសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំដីកាចុះឆែកឆេរទីតាំងឃ្លាំងខាងលើ​នេះតែម្តង ប៉ុន្តែក្រោយទទួលបានដីកាអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញហើយនោះ​ ទើបនៅព្រឹកថ្ងៃទី​ ១៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៧​ សមត្ថកិច្ចចម្រុះក៏ចុះឆែកឃ្លាំងរកឃើញរថយន្តដែលយកមកបញ្ចាំ​ ចំនួន​ ៣៣​ គ្រឿង​ ដែលឯកសារទទួលបញ្ចាំត្រឹមត្រូវ​ ហើយមិនមានរកឃើញអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយ​ណាមួយទីតាំងក៏មានច្បាប់ដែរ ដូច្នេះព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចដកកម្លាំងចេញពីទីតាំងឃ្លាំងខាងលើ និងប្រគល់រថយន្តទាំង៣៣គ្រឿងនោះទៅម្ចាស់ឃ្លាំងប្រកបអាជីវកម្មធម្មតាវិញ​ ។

សូមបញ្ជាក់បន្ថែមថា​ប៉ុន្មានថ្ងៃនេះ គេសង្កេតអាជ្ញាធរទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ បានចេញសកម្មភាពយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបង្កប់ល្បែងសីុសង​គ្រប់ប្រភេទ​ និងឆែកឃ្លាំងបញ្ចាំរាប់សិបកន្លែងផងដែរ៕ ភារ៉ា ដង្កោ


ចែករំលែក៖