ព័ត៌មានទាន់ហេតុការណ៍៖

អនុភូមិម្នាក់ស្លាប់ និងប្រជាពលរដ្ឋ២នាក់ទៀតរងរបួសធ្ងន់ដោយសារឡើងភ្នំដងរែកជាន់មីនសល់ពីសម័យសង្គ្រាម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋចំនួន ២នាក់ទៀត បានរងរបួសធ្ងន់ដោយសារជាន់មីនសល់ពីសម័យសង្រ្គាម ខណៈពួកគាត់កំពុងឡើងភ្នំដងរែក ដើររកអារគល់ឈើប្រណីតដើម្បីជីវិត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចលើខ្នងភ្នំដងរែក តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលព្រំដែនគោកលេខ ៩០៥ ប្រចាំការព្រំដែនបានឲ្យដឹងថា ជនរងគ្រោះទាំង3ខាងលើ ទី1ឈ្មោះ សេង ស្រឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាអនុប្រធានភូមិដងទង់ សង្កាត់កូនក្រៀល បានដាច់ជើងឆ្វេង និងរបួសជើងស្តាំ ស្លាប់ និង2នាក់ទៀត ដែលរួមដំណើរឡើងភ្នំជាមួយ បានរងរបួសធ្ងន់ប៉ុណ្ណោះ តែមិនដល់អាយុជីវិតនោះឡើយ។

គួរបញ្ជាក់ថា នេះជាករណីលើកទី២ហើយ ដែលប្រជាពលរដ្ឋ បានរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាម បានឆាប់ឆក់យកជីវិត ប្រជាពលរដ្ឋចំនួន ២នាក់ នៅក្នុងខេត្តឧត្តរមានជ័យ។ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់ឈ្មោះ យិញ យឿប ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅភូមិខ្ទុម សង្កាត់កូនគ្រៀល ក្រុងសំរោង បានជីករំលាយដីដំបូក ដើម្បីធ្វើស្រែ ហើយប៉ះចំគ្រាប់មីន ប្រភេទ ៦០មីល្លីម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗផងដែរ៕ ប៉ែន នួន


ចែករំលែក៖