ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ទុករយះពេល០៧ថ្ងៃ ដេីម្បីឲ្យម្ចាស់រថយន្តទាំងអស់នៅតាមផ្លូវលេខ១០៨និងផ្លូវលេខ១០៩រកទីតាំងចំណតថ្មី

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំពុងចុះប្រកាស់សេចក្តីជូនដំណឹងស្តីពី ការលុបបំបាត់ចំណតយានយន្តបែបអនាធិបតេយ្យ ជុំវិញបរិវេណទីលានប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់ និងទុករយះពេល០៧ថ្ងៃ ដេីម្បីអោយម្ចាស់រថយន្តទាំងអស់រកទីតាំងចំណតថ្មី ។

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ប្រកាសផ្សព្វផ្សាយ ក៏ដូចជាជូនដំណឹងដល់ អ្នកលក់រថយន្ដទាំងអស់ ស្ថិតនៅផ្លូវលេខ១០៨ និងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ជុំវិញទីលានប្រជាធិបតេយ្យ និងក្បែរផ្សាររាត្រី ត្រូវយករថយន្ដចេញ ហើយត្រូវបញ្ឈប់សកម្មភាពលក់បែបនេះតទៅទៀត ហើយបើសិនជាក្នុងរយៈពេលកំណត់១សប្ដាហ៍ មិនបានយករថយន្ដតាមការកំណត់នោះទេ អាជ្ញាធរខណ្ឌនឹងស្ទួចរថយន្ដទៅរក្សាទុក ហើយក៏មិនទទួលខុសត្រូវចំពោះការខូចខាតនោះដែរ។ អភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា ម្ចាស់រថយន្ដទាំងអស់នោះ ត្រូវរកកន្លែងថ្មីដើម្បីធ្វើអាជីវកម្ម ព្រោះថាកាលលក់ដូចរាល់ថ្ងៃនេះ វាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ រញែរញ៉ៃតាមដងផ្លូវ និងស្ទះចរាចរណ៍ជាដើម។

គួរបញ្ជាក់ថា ការយករថយន្ដទៅលក់នៅផ្លូវលេខ ១០៦ ១០៨ ជុំវិញទីលានប្រជាធិបតេយ្យ ក្រោយស្ថានទូតអាមេរិក ក្បែរស្ពាននាគ និងក្បែរផ្សាររាត្រីនេះ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្ដែមិនត្រូវបានលុបបំបាត់នោះទេ ប៉ុន្ដែលើកនេះពលរដ្ឋសង្ឃឹមថា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នឹងដោះស្រាយបញ្ហានេះបាន។

គួរបញ្ជាក់ផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ទីតាំង ចាប់ពីមុខព្រះសក្យមុនីចេតីយ៍ រហូតដល់ផ្សាររាត្រី ជូនរដ្ឋបាលខណ្ឌដូនពេញគ្រប់គ្រង និងរៀបចំមិនឲ្យមានការចតយានយន្តលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវបន្តទៀតឡើយ ៕ស តារា


ចែករំលែក៖