ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកហាងស៊ុប មានមានបង្កហិង្សាដាក់បុគ្គលិកហាងស៊ុបឡុកឡុក២ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១២២ កែងផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បន្ទាប់ពីមានបុរសម្នាក់ ជាបុគ្គលិកហាងស៊ុប មានមាន បានចូលទៅវាយ និងដេញកាប់បុគ្គលិកហាងស៊ុប ឡុកឡុក២ ហើយថែមទាំងដេញកាប់កម្លាំងចុះអន្តរាគមន៍ទៀតផង តែត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ។

មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ បានឲ្យដឹងថា ជនបង្កមានឈ្មោះ ឃឹម ឈុនហួរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងស៊ុប មានមាន ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលហាងស៊ុបទាំង២ ដែលមានទីតាំងនៅទល់មុខគ្នាកំពុងរៀបចំបិទហាង ហើយបុគ្គលិកហាងស៊ុប ឡុកឡុក២ ខ្លះអង្គុយលាងចានឆ្នាំងទុកដាក់ ខ្លះទៀតរៀបចំតុកៅអីនោះ ស្រាប់តែជនបង្កមិនដឹងថា មានគំនុំពីកាលណាមកទេ បានកាន់កាំបិតប៉័ងតោដើរសំដៅទៅធាក់បុគ្គលិកហាង ឡុកឡុក២ ចំនួន២នាក់ដែល កំពុងអង្គុយលាងចានបណ្តាលឲ្យដួលដាច់ផ្ងារទៅក្រោយ។ បន្ទាប់មកជនបង្កបានដើរទៅក្នុងហាងនេះទៀតរួចបានយកកាំបិតប៉័ងតោ កាប់តុ និងចានជ័រខូចខាតមួយចំនួនព្រមទាំងស្រែកឡូឡាផ្អើលគេផ្អើលឯងទាំងយប់។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមក សមត្ថកិច្ចនគរបាលមូលដ្ឋានបានបានទៅដល់ដើម្បីសូរនាំរឿងនេះតែត្រូវ ជនបង្កមិនខ្លាចថែមទាំងរកកាប់និងជេរមកលើសមត្ថកិច្ចថាប៉ូលិសយួនទៀត ធ្វើឲ្យពេលនោះនគរបាលបានប្រើគ្រប់វិធីរហូតចាប់វាយខ្នោះជនបង្កយកទៅសួរនាំនៅប៉ុស្តិ៍ទាល់តែបាន ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កាំបិតប៉័ងតោមួយត្រូវបាននាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖