ខេត្តកណ្តាលៈ អ្នកគ្រូក្រមុំម្នាក់ត្រូវបានស្ត្រីវ័យចំណាស់ជាបុគ្គលិកផ្នែកអនាម័យ នៃសាលាវេសស្លាញ ប្រើល្បិចខ្ចីម៉ូតូជិះយកទៅដាក់បញ្ចាំ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង០៥នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចបរិវេនសាលាវេសស្លាញ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងនារីរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលយុត្តិធម៌ក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ណក់ ច្រឹប ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកផ្នែកអនាម័យ នៃសាលាវេសស្លាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ចំណែកឯនារីរងគ្រោះឈ្មោះ វៃ ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀន នៃសាលាវេសស្លាញ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GJ-1818 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីជនសង្ស័យដែលជាបុគ្គលិកផ្នែកអនាម័យបាននិយាយសុំខ្ចីម៉ូតូនារីរងគ្រោះដែលជាគ្រូបង្រៀនប្រចាំសាលាវេសស្លាញ ដោយប្រាប់ថាយកទៅទិញថ្នាំឲ្យកូន គ្រានោះនារីរងគ្រោះក៏បានឲ្យស្ត្រីសង្ស័យខ្ចី ។ បន្ទាប់ពីយកម៉ូតូពីម្ចាស់បានហើយ ស្ត្រីសង្ស័យខាងលើនេះបានជិះគេចខ្លួនបាត់មិនឃើញយកម៉ូតូមកឲ្យនារីរងគ្រោះវិញ ទើបនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ។បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យបាននៅល្ងាចថ្ងៃដដែល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្ត្រីសង្ស័យឈ្មោះ ណក់ ច្រឹប បានសារភាពថា រូបគេពិតជាបានប្រើល្បិចខ្ចីម៉ូតូនារីរងគ្រោះយកទៅដាក់បញ្ចាំប្រាកដមែន ។ ម៉ូតូនារីរងគ្រោះរូបគេបានយកទៅដាក់បញ្ចាំនៅហាងទទួលបញ្ចាំមួយកន្លែងមិនស្គាល់យីហោ មានទីតាំងនៅម្តុំកោះពេជ្រ ក្នុងតម្លៃ៤០០ដុល្លាសហរដ្ឋអាមេរិក ។ ចំពោះលុយចំនួន៤០០ដុល្លាដែលបានពីការដាក់បញ្ចាំម៉ូតូខាងលើនេះ ខ្លួនបានយកទៅសងបំណុលគេអស់ហើយ ៕ សិលា