ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រូក្រមុំម្នាក់ត្រូវបុគ្គលិកផ្នែកអនាម័យនៃសាលាវេសស្លាញប្រើល្បិចខ្ចីម៉ូតូយកទៅបញ្ចាំ

ចែករំលែក៖

ខេត្តកណ្តាលៈ អ្នកគ្រូក្រមុំម្នាក់ត្រូវបានស្ត្រីវ័យចំណាស់ជាបុគ្គលិកផ្នែកអនាម័យ នៃសាលាវេស​ស្លាញ​ ប្រើល្បិច​ខ្ចីម៉ូតូជិះយកទៅដាក់បញ្ចាំ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង​០៥​នាទី ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចបរិវេនសាលាវេសស្លាញ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងនារីរង​គ្រោះបានប្តឹង​សមត្ថ​កិច្ចនគរ​បាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលយុត្តិធម៌ក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ​ឈ្មោះ ណក់ ច្រឹប ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកផ្នែកអនាម័យ នៃសាលា​វេសស្លាញ​ បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ចំណែកឯនារីរងគ្រោះឈ្មោះ វៃ ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀន នៃសាលាវេសស្លាញ មានទីលំនៅ​ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GJ-1818 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីជនសង្ស័យដែលជាបុគ្គលិកផ្នែក​អនាម័យបាននិយាយសុំខ្ចីម៉ូតូនារីរងគ្រោះដែលជាគ្រូបង្រៀនប្រចាំសាលាវេសស្លាញ ដោយ​ប្រាប់ថាយកទៅទិញថ្នាំឲ្យកូន គ្រានោះនារីរងគ្រោះក៏បានឲ្យស្ត្រីសង្ស័យខ្ចី ។ បន្ទាប់ពីយកម៉ូតូ​ពីម្ចាស់បានហើយ ស្ត្រីសង្ស័យខាងលើនេះបានជិះគេចខ្លួនបាត់មិនឃើញយកម៉ូតូមកឲ្យនារី​រង​គ្រោះវិញ ទើបនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ។​បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជន​សង្ស័យ​បាននៅល្ងាចថ្ងៃដដែល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្ត្រីសង្ស័យឈ្មោះ ណក់ ច្រឹប បានសារ​ភាព​ថា រូបគេពិតជាបានប្រើល្បិចខ្ចីម៉ូតូនារីរងគ្រោះយកទៅដាក់បញ្ចាំប្រាកដមែន ។ ម៉ូតូនារីរង​គ្រោះរូបគេបានយកទៅដាក់បញ្ចាំនៅហាងទទួលបញ្ចាំមួយកន្លែងមិនស្គាល់យីហោ មានទីតាំង​នៅម្តុំកោះពេជ្រ ក្នុងតម្លៃ៤០០ដុល្លាសហរដ្ឋអាមេរិក ។ ចំពោះលុយចំនួន៤០០ដុល្លាដែលបានពី​ការដាក់បញ្ចាំម៉ូតូខាងលើនេះ ខ្លួនបានយកទៅសងបំណុលគេអស់ហើយ ៕ សិលា


ចែករំលែក៖