ខេត្តរតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកែច្នៃមួយគ្រឿង ចតស្ងៀមកំពុងជួសជុល ស្រាប់តែម៉ូតូមួយគ្រឿងបើកបរយ៉ាងលឿនលើកំណាត់ផ្លូវជាតិលេខ៧៨ ទិសដៅពីកើតទៅលិច បុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមប្រភពពីលោកអធិការនគបាលស្រុកកូនមុំបានឲ្យដឹងថា ម៉ូតូជនរងគ្រោះបើកបរក្នុងទិសដៅពីកើតទៅលិច មានល្បឿនយ៉ាងលឿនទៅបុកពីក្រោយគោយន្តកែច្នៃ ដែលចតស្ងៀមកំពុងជួសជុលនៅចិញ្ចើមផ្លូវ ហើយពុំបានដាក់ស្លាកសញ្ញាឲ្យឃើញច្បាស់លាស់ទើបបណ្តលឲ្យមានគ្រោះថ្នាក់នោះកើតមានឡើងតែម្តង។
លោកបន្តថា ជនរងគ្រោះឈ្មោះញីល វិរះ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ជិះម៉តូមាកវ៉េវ ឆ្លាមពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1bl.៣៤៥៤។
ម្ចាស់គោយន្តច្នៃដែលចតស្ងៀមនោះបានរត់គេចខ្លួនបាត់ភ្លាមៗក្រោយកើតហេតុនោះផងដែរ។
ក្រោយពីនគបាលចរាចរណ៍ផ្លូវគោកត្រួតពិនិត្យដល់កន្លែងកើតហេតុ បានយកគោយន្តកែច្នៃ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីធ្វើកំណត់ហេតុ រង់ចាំដោះស្រាយតាមក្រោយ។
ឯសាកសពបានប្រគលឲ្យក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សាយប៉ូច