ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញស្ថានីយប្រេង SAVIMEX ហ៊ ប៉េង ជើងឯកលក់ប្រេងមិនគ្រប់តាមកុងទ័រ និងបន្លំគុណភាព

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀតហើយ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ នៅក្នុង ខណ្ឌដង្កោ ឈ្មោះថា SAVIMEX ហ៊ ប៉េង ជើងឯក បានលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ ហើយលក់សាំងធម្មតា បន្លំជាសាំង ស៊ុបពែរ ។

អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ការ្របការកែ្លងបន្លំ និងមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុង ត្រូល នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះបានបន្តចុះត្រួតពិនិត្យបរិមាណ និង គុណភាពប្រេងឥន្ធនៈតាមស្ថានីយប្រេង ឥន្ធនៈមួយចំនួនស្ថិតនៅតាមផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ ក្នុងគោលបំណងការពារ ផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទនិងទប់ស្កាត់ការកែ្លងបន្លំ ។

មន្ត្រីខាងលើបានឲ្យដឹងថា ការត្រួត ពិនិត្យនេះបានធ្វើឡើងដោយប្រើប្រាស់ ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់ បរិមាណប្រេងដែលបាញ់ចេញពីម៉ូទ័រ តាម ទំហំផ្សេងខុសគ្នាមានចំណុះ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺប្រើប្រាស់ឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper(95) និង Regular(92)។

លទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និង ដេប៉ូ៣កន្លែងនៅទីតាំងខាងលើនេះ គឺ ២កន្លែងមានអនុលោមភាពលើផ្នែក បរិមាណ និងគុណភាពប្រេងឥន្ធនៈ។ ចំណែកស្ថានីយមួយកន្លែងទៀតពាក់ ស្លាក SAVIMEX ហ៊ ប៉េង ជើងឯក មាន កង្វះបរិមាណប្រេងមិនឆ្លើយតបលេខកុងទ័រ ហើយលក់ប្រេងធម្មតាជាប្រេងស៊ុបពែរ ។

ក្រុមមន្ត្រីត្រួតពិនិត្យបានណែនាំឲ្យម្ចាស់ស្ថានីយធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេងឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈ មណ្ឌលមាត្រាសាស្ត្រជាតិ របស់ក្រសួង​ឧស្សាហ​កម្ម និងសិប្បកម្ម និងបានណែនាំ​ឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន៩៥ពិតបា្រកដ។

មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា ក្រុម ការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គ នាយកដ្ឋានកាំកុងត្រូល នឹងបន្តត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់កម្ពុជា តាម លទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈចូលរួម សហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ។

ក្រុមមន្ត្រីកាំកុងត្រូល ក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្តប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាព ល្អ ហើយគ្រប់ចំនួនលីត្រ។

សូមបញ្ជាក់ថា មន្រ្តីនាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់និងបង្ការ្របការកែ្លង បន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលតែង បានចុះធ្វើសកម្មភាពពិនិត្យស្ថានីយប្រេងឥន្ធនៈនានាក្នុងរាជធានីភ្នំពេញ ហើយបាន រកឃើញស្ថានីយប្រេងឥន្ធនៈជាច្រើនលក់ប្រេងមិនគ្រប់តាមកុងទ័រ និងលក់ប្រេងធម្មតាបន្លំជាប្រេងស៊ុបពែរ៕ ហេង នរិន្ទ្រ


ចែករំលែក៖