ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណបុរសដែលលង់ទឹកស្លាប់ក្នុងព្រែកសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក្រុមគ្រួសារថាមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ស្លាប់ មិនស្គាល់អត្តសញាណត្រង់ចំណុចទីវាលក្នុងព្រែក នៅភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងរួចមក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ក្រុមគ្រួសារបានមកពិនិត្យសាកសពរួចអះអាងថា ប្ដីរបស់គាត់ជាជនជាតិវៀតណាមជំងឺសរសៃប្រសាទ។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងតាមស្ត្រីឈ្មោះង្វៀង ធីលី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅសង្កាត់ឃូភូមូម ស្រុក បេនកូវ ខេត្តតៃនិញ ប្រទសវៀតណាម បានអះអាងថា សាកសពដែលសមត្ថកិច្ចបានបង្ហាញគឺជាឪពុករបស់ខ្លួនពិតប្រាកដមែន ដោយមានឈ្មោះ ង្វៀង យ៉ាំងថាន់ អាយុ62ឆ្នាំ មុខរបរនៅផ្ទះ ហើយមានជំងឺសរសៃប្រសាទប្រមាណ២០ឆ្នាំមកហើយ ខណៈបានបាត់ចេញពីផ្ទះកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៣ទៀបភ្លឺមកម្ល៉េះ ដោយក្រុមគ្រួសារនាំគ្នាស្វះស្វែងរក ប៉ុន្តែរកមិនឃើញ។

ប្រភពបន្តថា ក្រោយពីពិនិត្យសាកសពមិនឃើញមានស្លាកស្នាមអ្វីជារឿងឃាដកម្ម សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ឡើងវិញថានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចទីវាលក្នុងព្រែក ស្ថិតក្នុងភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ប្រជាពលរដ្ឋឈ្មោះសេក អែប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ កំពុងអូសត្រីនៅព្រែក បានប្រទះឃើញសាកសពជនរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជំនាញបានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយលោកមេភូមិ ប៉ុស្តិ៍រដ្ឋបាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំំនាញបច្ចេកទេសខេត្ត បានពិនិត្យលើសាកសព ជាមនុស្សប្រុសម្នាក់ពាក់អាវយឺត ពណ៌ខ្មៅ ស្លៀកខោខ្លី ពណ៌ខ្មៅ ៕ យឹម សុថាន


ចែករំលែក៖