ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់បង្កភាពភ្ញាក់ផ្អើលដល់អ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ក៏ដូចជាក្មេងឃ្វាលក្របីប្រទះឃើញស្លាប់ក្នុងស្រះទឹកខាងកើតផ្ទះចម្ងាយប្រហែល១៥ម៉ែត្រ បង្កឲ្យមានការ​ភ្ញាក់ផ្អើលឆោឡោ​ដល់ក្រុមគ្រួសារ និងសមត្ថកិច្ចមូលដ្ឋានមកជួយសង្គ្រោះធ្វើចលនាដៃជើង ប៉ុន្តែអកុសលយឺតពេលទៅហើយ មិនអាចជួយបាននោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យស្លាប់ដោយរអិលជើងចូលក្នុងស្រះទឹកមានឈ្មោះទឹម ពុធ អាយុ ២៤ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ដោយគ្រួសារបានអះអាងប្រាប់ថា កូនប្រុសគាត់គឺមានជំងឺវិកលចរឹកប្រចាំកាយ យូរឆ្នាំមកហើយ ដោយព្យាបាលដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះឡើយ ណាមួយមិនមានថវិកាគ្រប់គ្រាន់ចេះតែទ្រាំទៅ។

ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារបុរសរងគ្រោះសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍ឃុំសំរោង គ្រូពេទ្យ ព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ពិតជារអិលជើងធ្លាក់ចូលស្រះទឹកមែន ខណៈមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖