ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋជិត ២ឃុំនៃស្រុកក្រគរ ប៉ុន្តែពំមានបង្កការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វនោះឡើយ ខណៈដែលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នា។
ប្រភពរាយការណ៍ដដែលខាងលើបន្តថា ជំនន់ទឹកភ្លៀងបានយាយីផ្ទះសម្បែងប្រជាពល់រដ្ឋចំនួន ៥ភូមិ រួមទាំងផ្សារផងដែរ នៃឃុំឈើតុំ និងចំនួន ២ភូមិទៀត នៃឃុំស្វាយស ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជំនន់ទឹកភ្លៀងនេះបានចាប់ផ្ដើមជន់លិចផ្ទះសម្បែង។ល។ចាប់តាំងពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះមកម្លេះ។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ចំណែកផលប៉ះពាល់នៃឥពលទឹកជំនន់ជន់លិចដូចជា ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្សារ មណ្ឌលសុខភាព សាលារៀន សាលាឃុំ និងវត្តអារាម។ល។ រួមទាំងផលដំណាំខ្លះៗ ផ្លូវថ្នល់ជាដើម ដែលហេតុការណ៍ខាងលើនេះ គេឃើញមានវត្តមានមន្រ្តីរាជការ កងកម្លាំងស្ថាប័ននានា ទូរទាំងខេត្តពោធិ៍សាត់ ចុះជួយអន្តរាគមន៍សម្រួលដល់ពលរដ្ឋកំពុងជួបទុកលំបាកនេះ ព្រមទាំងផ្សព្វផ្សាយសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកកំពុងជួបទុក និងអ្នកមិនទាន់រងគ្រោះសូមមានការប្រុងប្រយ័ត្នជានិច ពិសេសក្មេងៗដែលមានលំនៅដ្ឋានតាមមាត់ស្ទឹងជាដើម ខណៈប៉ុន្មានថ្ងៃនេះមានធ្លាក់ភ្លៀងខ្លាំងនៅព្រៃភ្នំផ្នែកស្រុកលើ ធ្វើឲ្យទឹកហូរកូចខ្លាំង(ហូរចុះមិនទាន់)តែម្តង។
ប្រភពរាយការណ៍ដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា បើទោសជាមានផលប៉ះពាល់ខ្លះៗក្តី ប៉ុន្តែពំមានបង្កការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វនោះឡើយ ហើយរហូតមកដល់ល្ងាចថ្ងៃដដែលនេះដែរ ជំនន់ទឹកភ្លៀងបានស្រកជាបណ្ដើរៗ តែទោសជាយ៉ាងក្តីក៍យើងនៅតែប្រយ័ត្នជានិចនោះដែរ ព្រោះសម្ពៀនផ្ទៃមេឃមិនទាន់ស្រឡះនៅឡើយ ថែមទាំងនៅមានបែបផ្សែងក្រូចនៅឡើយទៀត៕ ប៉ឹម ពិន