ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលចាប់ខ្លួនបុរសជនជាតិម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងតម្លើងឧបករណ៍​ច្រកចេញចូលប្រព័ន្ធទូរគមនាគមន៍នៅក្នុងបន្ទប់សណ្ឋាគារត្រានីកា

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសជនជាតិចិនម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល សហការជា​មួយ​នគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខ៣០៦ជាន់ទី៣ សណ្ឋា​គារ​ត្រានីកា ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយ​មានការ​សម្របសម្រួលពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាល បន្ទាប់​ពីបុរសជនជាតិចិនរូបនេះប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ (Gateway-VOIP) ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលបានឲ្យដឹងថា បុរសជនជាតិចិន ដែលត្រូវបានចាប់​ខ្លួននោះឈ្មោះ ZHU CHULE ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខG51567813 ។ ក្នុង​ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធ​រួម​មាន៖ ឧបករណ៍បន្ទះស្តើង ពណ៌ខៀវចំនួន០៤បន្ទះ ក្នុង០១បន្ទះមានអង់តែន ពណ៌ខ្មៅចំនួន០៨ដើម ,ឧបករណ៍មានភ្លើង ពណ៌បៃតង ទទួលខ្សែពីអង់តែនចំនួន០១ ,ឧបករណ៍ ពណ៌ ស ម៉ាកKing tel មានភ្លើងតូច០៥គ្រាប់ ចំនួន០១ ,វ៉ាលី ពណ៌ខៀវក្រម៉ៅ មានដៃអូសចំនួន០១ និងម៉ូតូ០១គ្រឿង ម៉ាក ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1R-2104 ។

ប្រភពដដែលបានបន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីតំណាងសណ្ឋាគារត្រានីកាថា​មានការសង្ស័យទៅលើបុរសជនជាតិចិនដែលមកជួលបន្ទប់សណ្ឋាគារស្នាក់នៅរួចមក សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅ ក្រោម​ការដឹកនាំបញ្ជា​ដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការ​សម្របសម្រួលពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត បាន​ធ្វើការ​ស្រាវ​ជ្រាវ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿង​ចាត់​ការតាមច្បាប់ ។

តំណាងសណ្ឋាគារត្រានីកាបានឲ្យដឹងថា នៅថ្ងៃអាទិត្យទី២៧ បុរសជនជាតិចិនខាងលើនេះ​បានមកជួលបន្ទប់ស្នាក់នៅ ក្រោយពីយកអីវ៉ាន់ចូលទៅក្នុងបន្ទប់ បុរសជនជាតិចិនរូបនេះបានជិះ​ម៉ូតូចេញទៅខាងក្រៅបាត់មួយយប់មិនឃើញចូលមកស្នាក់នៅក្នុងបន្ទប់ដែលបានជួល ដោយ​មាន​ការសង្ស័យ ទើបគាត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ បុរសជនជាតិចិនត្រូវបានសមត្ថកិច្ច​ចាប់ខ្លួនពាក់​ព័ន្ធប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ (Gateway-VOIP) ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖