ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់កាណូតបុកគ្នានៅលើបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ជើងទឹកកាណូតបុកគ្នា នៅលើផ្ទៃទឹកនៃបឹងទ្លេសាប។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជើងទឹកខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ និង០០នាទី រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចចារជំនាន់ ស្ថិតក្នុងភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹកបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ងន ឡៃហ៊ន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិចារុះ ឃុំមេទឹក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចំណែកជនបង្កបានបើកកាណូតរត់គេចខ្លួនបាត់ មន្រ្តីជំនាញកំពុងធ្វើការស្រាវជ្រាវ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បានធ្វើដំណើរដោយជើងទឹក(បើកកាណូត)ប្រភេទសំបកស្មាច់ទំហំប្រវែង ៦,០៣ម៉ែត្រ បំពាក់ម៉ាសុីនម៉ាក ហុីណូតា កំលាំង ១៨សេះ ជើងបង្កង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនរងគ្រោះបានធ្វើចរាចរណ៍(បើកកាណូត) លុះមកដល់ចំណុចកើតហេតុបានបុកកាណូតមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់កាណូតមនុស្សក៍ធ្លាក់ទឹកដែរ ជនរងគ្រោះមានស្នាមរបួសអាចចំជាស្លាបចក្រកាណូតបណ្ដាលឲ្យស្លាប់ ចំណែកជនបង្កបានបើករត់គេចខ្លួន សមត្តកិច្ចស្ថាប័នពាក់ព័ន្ធបាននឹងកំពុងតាមស្រាវជ្រាវ៕ ប៉ឹម ពិន


ចែករំលែក៖