ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងការងារស្រាវជ្រាវចាត់វិធានការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិខុសច្បាប់។គ្រាដែលគេមើលឃើញថាខេត្តស្ថិតនៅទិសពាយព្យជាប់ព្រំដែនកម្ពុជា-ថៃ មួយនេះកន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថាមានកើតឡើងនូវសកម្មភាពបទល្មើសធនធានធម្មជាតិខុសច្បាប់ប្រព្រឹត្តដោយក្រុមខិលខូចមួយចំនួន។បទល្មើសធនធានធម្មជាតិដែលកើតឡើងនៅខេត្តបាត់ដំបងគឺគេសង្កេតឃើញកើតមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់អភិរក្ស ការនេសាទត្រីខុសច្បាប់ ការរុករករ៉ែមាសខុសច្បាប់ ការកាប់ទន្រ្ទានព្រៃរដ្ឋយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ ជាដើមនោះ។ បទល្មើសទាំងនោះកន្លងមកក៏បានរងការបង្រ្កាបពីសំណាក់សមត្ថកិច្ចជាបន្តបន្ទាប់និងបទល្មើសមួយចំនួនទៀតបានគេចផុតពីការបង្រ្កាបរបស់សមត្ថកិច្ចផងដែរ។កិច្ចប្រជុំខាងលើប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខនិងបង្រ្កាបបទល្មើស ក្នុងនោះមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការបច្ចេកទេសសន្តិសុខនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងផងដែរ។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងឡើងអានរបាយការណ៍ដែលកម្លាំងអាវុធហត្ថខេត្តបាត់ដំបងសម្រេចបានក្នុងការចាត់វិធានការបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យដឹងថាក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចេញបង្រ្កាបបទល្មើសព្រៃឈើ៩លើក ឃាត់រថយន្ត២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ និងជនសង្ស័យ៣នាក់,ចេញបង្រ្កាបបទល្មើសសត្វព្រៃខុសច្បាប់ចំនួន២លើកដកហូតសត្វស្លាបចំនួន៤៨៧ក្បាល, ចេញបង្រ្កាបការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋខុសច្បាប់ចំនួន៦លើក ដកហូតអេស្កាវទ័រ១គ្រឿងចំណែកជនសង្ស័យរត់គេចខ្លួនបាត់,ចេញបង្រ្កាបបទល្មើសនេសាទត្រីខុសច្បាប់ចំនួន៨០លើក និងដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំផងដែរ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា ដើម្បីអនុវត្តគោលនយោបាយការពារទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិខុសច្បាប់ ដាក់ចេញដោយសម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះសម្តេចនាយករដ្ឋមន្រ្តីបានចាត់តាំងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធានគណៈកម្មធិការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងការប្តេជ្ញាខ្ពស់ដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិខុសច្បាប់ដែលជាបញ្ហាប្រឈមនិងមានភាពជម្រោងជម្រះបង្កឱ្យប៉ះពាល់នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ។ទាមទារឱ្យកម្លាំងអាវុធហត្ថត្រូវរៀបចំផែនការនិងគោលការណ៍ច្បាស់លាស់អនុវត្តតាមបទដ្ឋានគតិយុទ្ធនៃច្បាប់និងការប្រមូលស្រាវជ្រាវព័ត៌មានច្បាស់លាស់ដើម្បីបង្រ្កាបបទល្មើសខុសច្បាប់។
លោកឧត្តមសេនីយ៍មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងទៀតថា ការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិក៏ដូចជាបង្រ្កាបបទល្មើសផ្សេងៗទៀតទទួលបានជោគជ័យនិងមិនជោគជ័យអាស្រ័យលើការងារស្រាវជ្រាវព័ត៌មានបើសិនជាយើងគ្មានព័ត៌មាននៅក្នុងដៃនោះទេមិនអាចធ្វើអ្វីកើតនោះឡើយ។ដូច្នេះកម្លាំងអាវុធហត្ថត្រូវទាមទារឱ្យចេះធ្វើការងារស្រាវជ្រាវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទាំងព័ត៌មានបទល្មើសធនធានធម្មជាតិ ព័ត៌មានសន្តិសុខនយោបាយ និងព័ត៌មានសន្តិសង្គមជាដើមនោះ៕ សំវិច្ឆិកា