ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងដេញបុកគ្នាផ្អើលពេញក្រុងព្រះសីហនុព្រោះស្រវឹងពេលឃាត់បាននគរបាលអត់ចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិកំពុងធ្វើដំណើរតាមដងវិថីឯករាជ្យបាននាំគ្នារត់គេចចុះចេញពីផ្លូវ ខណ:មានរថយន្ត២គ្រឿងដេញបុក កៀរគ្នាក្នុងល្បឿនលឿនដូចព្យុះ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា រថយន្តដែលដេញបុក និងកៀរគ្នានេះមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-3860 បើកបរដោយឈ្មោះ ធា ជាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ក្នងស្ថានភាពស្រវឹងជោគជាំ និងរថយន្ត១គ្រឿងទៀត ម៉ាកកាមរីហាយប៊្រីដ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1557 អ្នកបើកបរមិនត្រូវបានអត្តសញ្ញាណទេ។

ប្រភពខាងលើបានបង្ហើបឲ្យដឹងទៀតថា មុនកើតហេតុគេបានឃើញរថយន្តទាំង២គ្រឿងខាងលើ បើកប្រដេញគ្នាក្នុងល្បឿនលឿនដូចព្យុះតាមដងវិថីខាងលើ ដោយរថយន្តម៉ាកហាយប៊្រីដដេញបុក និងកៀររថយន្តម៉ាកកាមរីឆ្លាម។ លុះមកដល់ចំណោតឡើងជិតសាលាបឋមសិក្សាហ៊ុនសែនក្រុង ដោយសារតែរថយន្តម៉ាកហាយប៊្រីដមានល្បឿនអទិភាពជាង ពេលនោះម្ចាស់រថយន្តឆ្លាមបានបង្ខំចិត្តកាច់ចង្កូតធ្លាក់ចេញពីដងវិថីឆ្លងកាត់លូ ទៅទើនឹងរបងសាលា។ ឃើញដូចនេះរថយន្តហាយប៊្រីដខាងលើ បានបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចនគរបាលស្ទាក់ឃាត់បានយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចភាគីទាំង២បានព្រមព្រៀងសម្របសម្រួលគ្នាដោយសន្តិវិធីបញ្ចប់រឿងមិនប្តឹងផ្តល់គ្នាឡើយ។ នេះបើយោងតាមកំណត់ហេតុរបស់សមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើមន្ត្រីអ្នកអនុវត្តច្បាប់ថាគួរតែវាស់ស្ទង់រកកម្រិតជាតិអាកុលក្នុងខ្លួនរបស់អ្នកបើកបរទាំងសងខាង ហើយត្រូវអនុវត្តន៍ទៅតាមច្បាប់នៃការបើកបរក្នុងស្ថានភាពស្រវឹង មិនគួរណាបណ្តែតបណ្តោយឲ្យផឹកស្រាស្រវឹងហើយ ដេញបុក និងកៀរគ្នាយ៉ាងដូចនេះទេ។ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះ។

នៅក្នុងហេតុការណ៍ខាងលើនេះក៏មានការលាក់បាំងហាមឃាត់មិនឲ្យអ្នកព័ត៌មានថតផ្តិតយករូបភាពរថយន្តទាំង២គ្រឿងខាងលើពីមន្ត្រីនគរបាលចរាចរនោះទេ មិនដឹងថាមានមូលហេតុណាមួយដែលមន្ត្រីនគរបាលជំនាញ ខំព្យាយាមលាក់បាំងរឿងនេះ។

ជុំវិញបញ្ហារខាងលើនេះអ្នកយកព័ត៌មាននគរវត្តបានព្យាយាមរកការបកស្រាយពីលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការងទទួលបន្ទុកផែនសណ្តាប់ធ្នាប់សាធារណ: ប៉ុន្តែមិនអាចទំនាក់ទំនងបាន៕ ឆ្លាម សមុទ្រ


ចែករំលែក៖