ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះហាងលក់សាច់អាំងយីហោ ហេង ហេង២ ផ្អើលទាំងយប់រថយន្តពន្លត់អគ្គីភ័យធ្វើអន្តរាគមន៍ទាន់

ចែករំលែក៖

ភ្នំពេញៈ អគ្គីភ័យមួយបានឆេះហាងលក់សាច់អាំងមួយកន្លែងបង្កការភ្ញាក់ផ្អើលទាំងយប់ តែមិនធំដុំប៉ុន្មានទេ ព្រោះមានរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅជួយបាញ់ទឹកពន្លត់ទាន់។

ឧប្បត្តិហេតុមានអគ្គីភ័យនេះកើតឡើងនៅហាងលក់ សាច់អាំងយីហោ ហេង ហេង២ នាវេលា ១០និ៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩០ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ដោយឆាបឆេះតែ ជាន់ខាងលើ ហើយមិនដាលធំដុំនោះទេ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះបើពិនិត្យមើលទៅ នៅម៉ោង១០និង៣០នាទីថ្ងៃកើតហេតុ ហាងមួយនេះបានរៀបចំបិទហាងឈប់លក់ទៅហើយ មិនដឹងរឿងអីស្រាប់តែឮសំឡេងផ្ទុះចេញពីកន្លែងបារ៉ែតអគ្គិសនីរួចចេញជាអណ្តាតភ្លើងលេចចេញពីជាន់ខាងលើ ដែលជាផ្ទះចាស់មិនមានមនុស្សនៅទៅវិញ។ភ្លាមនោះបុគ្គលិកអ្នករត់តុនៅផ្នែកខាងក្រោម បានស្រែកឆោឡោ និងទាញទុយយោទឹកបាញ់ពន្លត់ដែរតែមិនឈ្នះក៏ទូរស័ព្ទសុំការធ្វើអន្តរាគមន៍ពីសមត្ថកិច្ចជំនាញនិងអាជា្ញធរដែនដីតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយទទួលដំណឹងនេះភ្លាមសមត្ថកិច្ចបានចេញធ្វើអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន២២គ្រឿង ដើម្បីបាញ់ទឹកពន្លត់ ហើយបានបាញ់ទឹកប្រមាណ១០គ្រឿងប៉ុណ្ណោះភ្លើងក៏រលត់អស់។ អគ្គីភ័យនេះ មិនឆេះធ្ងន់ធ្ងរទេ ពោលគឺឆេះត្រឹមមុង ភួយ ខ្នើយ ប្រដាប់ប្រើប្រាស់របស់កម្មករ បុគ្គលិកប៉ុណ្ណោះដោយសារតែកន្លែងនោះ ជាកន្លែងបុគ្គលិកស្នាក់នៅ។

យ៉ាងណាបន្ទាប់ពីមានអគ្គីភ័យនេះកើតឡើង សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានធ្វើការណែនាំដល់ម្ចាស់ហាង និងបុគ្គលិកទាំងអស់ត្រូវតែ ប្រុងប្រយ័ត្នមើលភ្លើងចង្រ្កាន ភ្លើងអគ្គិសនីឲ្យមែនទែនកុំឲ្យមានភ័យអាសន្នដូចពេលនេះតទៅទៀត ៕ ប្រាថ្នា


ចែករំលែក៖