ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបម្រើផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់យីហោពន្លឺពេជ្រ១៦៨ត្រូវកម្លាំងនគរបាលបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបម្រើផ្លូវភេទ ដោយជ្រកក្រោមស្លាកម៉ាស្សាកោសជប់យីហោ ពន្លឺពេជ្រ១៦៨ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិថ្ម គោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើស ការជួញដូរ មនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

ការចុះបង្ក្រាបទីតាំងម៉ាស្សា ដែលបង្កប់សេវាផ្លូវភេទនេះ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ញ៉ែត ស្រីម៉ុម អាយុ៤៥ឆ្នាំ ដែលជាមេការ និងជាម្ចាស់ទីតាំងខាងលើនិងបានរកឃើញស្ដ្រីបម្រើការផ្លូវភេទ ៦នាក់ព្រមទាំងរកឃើញវត្ថុតាងមួយចំនួនផងដែរ។

ប្រតិបត្តិការបង្ក្រាបខាងលើនោះបានធ្វើឡើង ក្រោមការ សម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងបទល្មើស ការជួញដូរ មនុស្សនិងការពារអនិតិជនរាជធានីភ្នំពេញធ្វើ ការស៊ើបអង្កេតស្រាវជ្រាវរកឃើញថាទីតាំងមួយនេះល្មើសច្បាប់ដោយមាន បង្កប់សេវា បម្រើផ្លូវភេទយ៉ាងជាក់ស្ដែង។

ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានរកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចច្រកថង់ យកទៅបោះចោលនៅលើគនរសំរាមជិតផ្ទះមួយចំនួន ដែលទុកជាមូលដ្ឋាននិងវត្ថុតាងបញ្ជាក់ថា ទីតាំងមួយនេះជាកន្លែងបម្រើសេវាផ្លូវ ភេទមួយយ៉ាងរលូន។ ចំណែកស្លាកម៉ាស្សា កោសជប់គ្រាន់តែដាក់ដើម្បីបិទបាំង ទង្វើល្មើសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។

បច្ចុប្បន្នទាំងថៅកែហាងរួមនឹងស្រ្តីរកស៊ីផ្លូវភេទទាំង៦នាក់នោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅ សាកសួរនៅការិយាល័យនគរបាល ប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ តុង សីហា


ចែករំលែក៖