ភ្នំពេញ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតសុកន បានបើកដឹកឥវ៉ាន់បំណងចូលទៅក្នុងរោងចក្រ ពេលបើកបត់ក្បាលចូលបន្តិច ស្រាប់តែមានរថយន្តធុនធំ ប្រភេទរថយន្តយីឌុប បើកលឿន ជ្រុលមកបុកពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តកុងតឺន័រ ធ្លាក់ចូលប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ជីត ថិច ថាយលីមីតធិត តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត សុកន ពណ៍ខៀវ ពាក់ស្លាកលេខភ្នពេញ 3C1142 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតបំណងបត់ចូលទៅក្នុងរោងចក្រភ្លាមនោះស្រាប់តែមានរថយន្តធុនធំប្រភេទរថយន្តយីឌុប ពណខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A 0892 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រពីចំហៀង ពេញទំហឹងធ្វើឲ្យរថយន្តកុងតឺន័រធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាតហើយរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នាតែម្តង តែមិនមានអ្នករងរបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់វាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បង្កការកកស្ទេះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕ សុខាសែនជ័យ