ភ្នំពេញៈ ជនរងគ្រោះពីរនាក់ដែលប្តីជាជនជាតិបរទេស ប្រពន្ធជាជនជាតិខ្មែរ ត្រូវក្រុមចោរ៦នាក់ ជិះម៉ូតូ៣គ្រឿង ទៅធ្វើសកម្មភាពឆក់កាបូបពេលប្តី្តប្រពន្ធពីរនាក់នេះកំពុងជិះម៉ូតូ ហើយថែមទាំងធាក់ម៉ូតូផ្តួលដួលអូសជាង១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ ប្តីប្រពន្ធ ឯក្រុមចោរបានគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្តុបសាលាជាស៊ីម-សន្ធរម៉ុក នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រី្តនគរបាល ប៉ុស្តិ៍ផ្សារដេប៉ូ៣ បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ប៉ុល រដ្ឋា អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋានម្តុំផ្សារកណ្តាល ចំណែកបុរសជនជាតិបរទេស ត្រូវជាប្តីគាត់ឈ្មោះ ដេវីដ អាយុ២៦ឆ្នាំ ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក TTX ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខភ្នំពេញ1CH- 8694 ឌុបគ្នា ចេញពីញុំាអាហារពេលយប់នៅផ្សារកណ្តាលរួច ត្រឡប់ទៅផ្ទះនៅម្តុំស្តុបសាលាជាស៊ីម-សន្ធរម៉ុក។ លុះជិះទៅ ដល់ស្តុបសាលាជាស៊ីម-សន្ធរម៉ុក ក៏លេចចេញជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកនិងស្លាកលេខដោយក្នុងនោះមាន២គ្រឿង បានជិះយ៉ាងលឿនមកពីក្រោយ ជិតម៉ូតូរបស់គាត់រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្មារបស់គាត់បានសម្រេច។ ភ្លាមៗ នោះប្តីរបស់គាត់បានបន្ថែមល្បឿនម៉ូតូជិះដេញតាមតែត្រូវជនសង្ស័យពីរនាក់ដែលជិះម៉ូតូបិទគូទពីក្រោយ បានទៅធាក់ម៉ូតូរបស់គាត់ឲ្យដួលអូសជាង១០ម៉ែត្រ បណ្តាលឲ្យពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ដួលរងរបួសធ្ងន់ តែក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចបាត់អស់ទៅ ដោយនៅក្នុងកាបូបនោះមានលុយ150$ និងសម្ភារៈមានតម្លៃផ្សេងៗជាច្រើនទៀត។។
ក្រោយមកមានរថយន្ត សាមុយទៅដល់ដឹកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបញ្ជូនទៅមន្ទីរពេទ្យទើបសមត្ថកិច្ចមូលដ្ឋានទៅដល់ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ដើម្បីប្រគល់ជូនជនរងគ្រោះពេលចេញពីមន្ទីរពេទ្យវិញ ៕ សុខា សែនជ័យ