ខេត្តឧត្តរមានជ័យ៖ ផ្លូវលំមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១៧៤ចូលទៅភូមិពពេល ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យមានប្រវែង១.៥០០ម៉ែត្រ ដែលស្ថាបនាឡើងក្នុងគម្រោងរបស់ជេ អាយហ្សែត (GIZ) តាំងពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ បានចំណាយទឹកប្រាក់ ៧២លានរៀលរហូតមកទល់ពេលនេះត្រូវបានអ្នកទទួលបានការដេញថ្លៃទុកចោលកណ្ដាលទី ។
ផ្លូវលំដែលបានស្ថាបនាឡើងក្នុងគម្រោង ១.៥០០ម៉ែត្រដែលបានចំណាយទឹកប្រាក់៧២លានរៀលនេះមានសេចក្ដីរាយការណ៍ ថា លោកនៅ សំដារ៉ារឹទ្ធ អភិបាលស្រុក ត្រពាំងប្រាសាទទទួលបានការដេញថ្លៃម៉ៅការយកខ្លួនឯងដោយមានគេសង្ស័យថា លោក នៅ សំដារ៉ារឹទ្ធ ចង់ស៊ីដាច់ប្រាក់ ៧២លានរៀលដោយទុកផ្លូវចោលនៅ ពាក់កណ្ដាលទី ។
ប្រជាពលរដ្ឋនៅភូមិពពេលបានឲ្យដឹងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ថា ផ្លូវលំដែលបានសាងសង់រួចបានប្រហែលជា៨០០ម៉ែត្រតែប៉ុណ្ណោះរហូតមកទល់នឹងពេលនេះនៅសល់ពាក់កណ្ដាលទៀតអស់ រយៈពេលមួយឆ្នាំមកហើយដោយទុក ចោលមិនឃើញអ្នកម៉ៅការមកសាងសង់ បន្ដឡើយ ។
ប្រជាពលរដ្ឋបានត្អូញត្អែរពីទុកលំបាក ដល់ការធ្វើដំណើរចេញចូលក្នុងភូមិរបស់ពួកគាត់ដោយពួកគាត់ថា សូម្បីតែជិះម៉ូតូក៏ មិនរួចផងបានតែថ្មើរជើងប៉ុណ្ណោះ។ ពួក គាត់បានបន្ដថា នេះហើយអ្នកម៉ៅការជា អ្នកមានអំណាចគេចង់ធ្វើក៏បានមិនចង់ធ្វើក៏បានគ្មានអ្នកណាហ៊ានតវ៉ាជាមួយគេឡើយ ។
ប្រជាពលរដ្ឋសោកស្ដាយជាខ្លាំងដែលលោក នៅ សំដារ៉ារឹទ្ធ អភិបាលស្រុកត្រពាំង ប្រាសាទដែលទទួលបានម៉ៅការសាងសង់ផ្លូវហើយបែរជាទុកចោលកណ្ដាលទីបែបនេះ។ ពួកគាត់នាំគ្នារអ៊ូរទាំថា បើមានខាង ក្រុមហ៊ុនឯកជន ឬអ្នកម៉ៅការផ្សេងឯទៀតក្រៅពីលោកអភិបាលស្រុកម្លេ៉ះពួកគាត់ មិនជួបទុក្ខវេទនាមកដល់ថ្ងៃនេះទេ។
ប្រជាពលរដ្ឋដែលពិបាកធ្វើដំណើចេញចូលក្នុងភូមិបានអំពាវនាវដល់ប្រមុខរាជ រដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយសាងសង់ផ្លូវបន្ដផង និង ជួយសាងសង់ស្ពានមួយកន្លែងទុកសម្រាប់ឆ្លងកាត់ផង ។
លោក នៅ សំដារ៉ារឹទ្ធ អភិបាលស្រុក ត្រពាំងប្រាសាទបានឲ្យដឹងតាមទូរស័ព្ទថា ពេលភ្លៀងឈប់ធ្លាក់លោកនឹងសាងសង់បន្ដ។ លោកបានបន្តថា មិនអាចដឹកដីទៅ ចាក់ម្ខាងទៀតបានទេដោយសារស្ពានឈើ មានសភាពទ្រុឌទ្រោម ៕ ប៉ែន នួន