ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាល នៃស្នងការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដឹកនាំកម្លាំងជំនាញគ្រឿងញៀន ចុះបង្រ្កាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ១៤នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោកបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនប្រុស ស្រី១៤នាក់ ក្នុងនោះមានមុខសញ្ញាចំនួន ២នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ ក្រៅពីនោះជាប់ពាក់ព័ន្ធការប្រើប្រាស់។
ប្រភពបន្តថា ជនសង្ស័យទាំង ២នាក់ជាមុខសញ្ញាជួញដូរ ទី១ ឈ្មោះ ខួយ វីរះ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ និងទី២ ឈ្មោះ ញ៉ែម ប៊ុនសាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំកាចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកបន្តទៀតថា វត្ថុតាង និងសម្ភារត្រូវដកហូតជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធីរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧កញ្ចប់តូច និងចំនួន ១កញ្ចប់ធំ និងម៉ូតូចំនួន ១គ្រឿងផងដេរ ។ ករណីនេះទាំងជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅការិយាល័យជំនាញ អនុវត្តតាមនីតិវិធី ៕ ប៉ឹម ពិន