ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបន្តថា ក្នុងគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់បាក់ជើងម្នាក់ និងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ។ ចំណែកភាគីរថយន្តដែលគេស្គាល់ថា ជាតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត រងរបួសធ្ងន់ផងដែរ។
របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត៨យប់ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥១-១៥២ ក្នុងភូមិសឹ្ទងឆាយខាងជើង ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ភាគីលោកណយ វ៉ាន់ណេតជិះរថយន្តកាម៉ារីបាឡែន ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បានបុកប៉ះជាមួយម៉ូតូម៉ាក MSX ជិះគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់ គោលដៅបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់នេះបណ្តាលអោយ អ្នកបើកម៉តូឈ្មោះ ផុន ប៊ុនលាភ ភេទប្រុស អាយុ ២២ឆ្នាំ របួសធ្ងន់ បាក់ជើងទាំងពីរ និងអ្នករួមដំណើរជិះពីក្រោយ ឈ្មោះ ណោ ស្រីនាង ភេទស្រី អាយុ ២០ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះទាំងពីររស់នៅភូមិថី្ម ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានមុខរបរធ្វើការនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង ខេត្តព្រះសីហនុ។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចដដែលអោយដឹងបន្ថែមថា ភាគីខាងរថយន្តកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ២AD-០១២០ ជិះគ្នា៦នាក់ (ទាំងអ្នកបើកបរ) ក្នុងនោះមានតារាចម្រៀងជើងចាស់លោក ណយ វ៉ាន់ណេត ភេទប្រុស អាយុ ៥៩ឆ្នាំដែលរួមដំណើរក្នុងរថយន្តនេះរងរបួសធ្ងន់ ក្រៅពីនោះមិនមានការរងគ្រោះធ្ងន់ធ្ងរទេ។
ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ជួយអន្តរាគមន៍យកអ្នករងរបួសទៅសង្គ្រោះនៅមនី្ទរពេទ្យបង្អែកស្រុកស្រែអំបិល ។ ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាង រថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីចំណាត់ការនិតិវិធីបន្ត៕ ស សម