ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឬក្រុមចូលចិត្តរកសុីមុខរបរមិនស្របច្បាប់ (ឈើប្រភេទប្រណីតធ្នង់) លក្ខណៈតូចតាច ក៍ដូចជាកូនមន្រ្តីតូចតាចដែរនោះ បានឲ្យដឹងថា គេសង្កេតឃើញសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណីត(ធ្នង់ និងនាងនួន)ទាំងធំទាំងតូចតាមរយៈរថយន្តប្រភេទទេសចរណ៍ចំណុះ ១៥កៅអីម៉ាក សាំយ៉ុង ទាំងខ្សែៗរាប់មិនអស់ក្នុង ១យប់ៗ គេមិនដែលឃើញមន្រ្តីជំនាញធ្វើការទប់ស្កាត់ឬបង្រ្កាបទាល់តែសោះ ឃើញតែនាំចត់រថយន្តសំកុកនៅចំណុចផ្លូវបំបែកៗចាំរាប់រថយន្តប៉ុណ្ណោះ ដែលករណីនេះអាចមានការសង្ស័យជាប់ពាក់ព័ន្ធលោក ពាក្យ មនោ ជានាយសង្កាត់រដ្ឋបាលព្រៃឈើលាច។
ប្រភពរាយការណ៍ខាងលើបន្តថា សព្វថ្ងៃគេសង្កេតឃើញក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទប្រណីត(ធ្នង់ និងនាងនួន) ត្រូវបានគេមើលឃើញច្បាស់ក្រឡែតដូចបាតដៃរវាងក្រុមឈ្មួញ និងមន្រ្តីជំនាញនៅក្នុងស្រុកភ្នំក្រវាញ ខណៈសព្វថ្ងៃនេះកំពុងពេញនិយមធ្វើសកម្មប្រមូលទិញ និងដឹកជញ្ជូនដូចផ្សារត្រីនោះ។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ក្រុមឈ្មួញទាំងនោះមានឈ្មោះ ចែនី មានឈ្មោះ ទូ នៅពីក្រោយខ្នង.ឈ្មោះ ធារ៉ា.ឈ្មោះ ផៃឌឿម.ឈ្មោះ អាកូវ.ឈ្មោះ ចែភ័ក្រ ក្រុមហ៊ុនជាឈ្មោះ ណាក់.និងឈ្មោះ រ៉ា ក្រុមឈ្មួញប៉ុន្មាននាក់ខាងលើនេះពួកគេបានធ្វើសកម្មភាពប្រមូលទិញ និងដឹកជញ្ជូនជាឆ្នាំមកហើយ ដែលម្នាក់ៗមានរថយន្តម៉ាក សាំយ៉ុង ចំណុះ ១៥កៅអីចំនួន ២ទៅ៥គ្រឿង ប៉ុន្តែរថយន្តខាងលើនេះមានកៅអីតែចំនួន ២ប៉ុណ្ណោះ ចំណែកផ្នែកខាងក្រោយគឺគេដកចេញទាំងអស់ដើម្បីដាក់ឈើ ក្រុមឈ្មួញខាងលើពួកគេឈរចាំប្រមូលទិញឈើនៅក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញភាគច្រើន ចំណែកមួយចំនួនទៀតដែលមានលទ្ធភាព(មានលុយ)គេរាបក្រុមឲ្យចូលទៅព្រៃ ដើម្បីអារកាត់ច្រៀកឬប្រមូលទិញពីក្នុងព្រៃមកដែរ ហើយអ្វីដែលគេសង្កេតឃើញគ្មានការបង្រ្កាបទាល់តែសោះនេះ ដោយសារការឃុបឃិតគ្នាជាប្រព័ន្ធតាំងពីក្រោមរហូតដល់លើ ពិសេសមន្រ្តីជំនាញរដ្ឋបាលព្រៃឈើជាដើម ដែលមានលោក ពាក្យ មនោ ជានាយសង្កាត់រដ្ឋបាលព្រៃឈើលាច ហើយមូលហេតុដែលស្ថាប័នពាក់ព័ន្ធផ្ដេកផ្ដួលបែបកន្ទេលធំបន្លំដេកនោះ ដោយឮថាលោក ពាក់ មនោ ជានាយសង្កាត់រដ្ឋបាលព្រៃឈើលាច ឈរចាំតែរាប់ចំនួនរថយន្តសម្របសម្រួលយកលុយកាក់ប៉ុណ្ណោះ ដែលគេដឹងថារថយន្ត ១គ្រឿងក្នុងចន្លោះចាប់ពីចំនួន ៦ទៅ ១០មឺុនរៀល បញ្ហាខាងលើនេះស្ថាប័នពាក់ពន្ធគួរតែពិនិត្យសាឡើងវិញថាការពិតយ៉ាងណានោះ។
ពាក់ព័ន្ធប្រភពរាយការណ៍ខាងលើ៖ លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាចបានឲ្យអ្នកកាសែត នគរវត្ត ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះថា ករណីកើតមានបទល្មើសខាងលើនេះមិនមែនតែលោកម្នាក់ទើបធ្វើការបង្រ្កាបបាននោះទេ គឺមានស្ថាប័នច្រើនដែលអាចធ្វើការបង្រ្កាបបានដូចគ្នាឬអាចសហការគ្នា ព្រោះឈើអារកាត់ច្រៀកនៅព្រៃចំណែកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ផ្ដោតលើដីព្រៃឬសហគមន៍ជាធំប៉ុន្តែលោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច សន្យាចាប់ថ្ងៃច័ន្ទនេះទៅនឹងមានវិធានការឲ្យខានតែបាន ដោយឡែក៖ ពាក់ព័ន្ធប្រយោជន៍លុយកាក់នោះលោកគ្មានការជំពាក់វាក់វិនអ្វីទាំងអស់៕ ប៉ឹម ពិន